(កោះកុង)៖ លោកយាយ ហុង ឡាច អាយុ១០០ឆ្នាំ រស់នៅភូមិទី២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាំយកទៅប្រគល់ជូននៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ដល់ផ្ទះរបស់លោកយាយផ្ទាល់តែម្ដង។ ក្នុងពិធីនោះ ក៏មានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រធានមន្ទីរសុខាភិបាលខេត្តផងដែរ។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននូវនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជូនដល់លោកយាយ ហុង ឡាច ដែលបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបានសាកសួរអំពីបញ្ហាសុខភាពមួយចំនួនផងដែរ ក្រោយលោកយាយបានចាក់វ៉ាក់សាំងនេះ។
លោកយាយ ហុង ឡាច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន ដែលបានផ្ដល់ឱកាសឲ្យលោកយាយបានចាក់វ៉ាក់សាំងបង្ការជំងឺដ៏កាចសាហាវមួយនេះ ហើយទទួលបានអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគថែមទៀតផង។
សូមជម្រាបថា កាលពីព្រឹកមិញនេះ លោកស្រី ឱ វណ្ណឌីន ក៏បាននាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ចំនួន២នាក់រួចមកហើយ ដែលពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ រួមមាន៖
* ទី១៖ លោកយាយ ផាត់ ញ៉ែម អាយុ១០០ឆ្នាំ រស់នៅភូមិជ្រែ ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវ
* ទី២៖ លោកតា កូវ ឯម អាយុ១០១ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត៕