(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងសហការី ព្រមទាំងលោក ហែម កន ចៅសង្កាត់បឹងសាឡាង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់បិទខ្ទប់នៅភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន១៦៥គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង និងមី១កេះ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចបិទខ្ទប់ច្រកចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta។ នេះតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានការបិទខ្ទប់មិនឱ្យមានការចេញ-ចូល នូវច្រកផ្លូវលេខ ៣៧២, ៣៧២Z, និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍»។
រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើលើកលែងតែករណីចំបាច់ដូចខាងក្រោម ៖
* ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់
* ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន
* ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើបត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច
* ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការសុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍
* ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់
* ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
សេចក្តីសម្រេចដដែលបញ្ជាក់ថា រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដែលត្រូវបានលើកលែងខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ជូនរដ្ឋបាលខណ្ឌទួលគោក ដើម្បីបង្កើតក្រុមការងារប្រចាំការ នៅទីតាំងដែលត្រូវបិទខ្ទប់ ក្នុងនោះក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ ត្រូវបំពេញការងារអាទិភាពជាអាទិ៍៖
* ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
* ការងារផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគចាំបាច់ ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងទីតាំងបិទខ្ទប់
* ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ៕