(ភ្នំពេញ)៖ ថ្នាំបុរាណចិន ចំនួន ១០,០០០ប្រអប់ ត្រូវបានក្រុមហ៊ុន ជីប ម៉ុង យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលយ៉ាងខ្លាំង ពិសេសវីរុសបម្លែងថ្មីដែលតា (Delta)។ ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនជីបម៉ុង។
លោក កើត ឆែ ក្នុងឱកាសនោះ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងលោកស្រី ដែលបានឧបត្ថម្ភថ្នាំបុរាណចិន ចំនួន ១០,០០០ប្រអប់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
លោកអភិបាលរងថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីជំងឺកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ៕