(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានថ្លែងបញ្ជាក់ថា មេរោគបំប្លែងថ្មី Delta កំពុងចរាចរនៅកម្ពុជា មានចំនួន ២២៣ករណីហើយ បើគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នំា២០២១។
ការថ្លែងដូច្នេះរបស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសនាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនដល់លោកតា អាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ។
លោកស្រី ឱ វណ្ណឌីន បានបន្ដថា «វីរុសបប្លែងថ្មី Delta ក្នុងចំនួនពីរថ្ងៃ ដែលយើងបានរកឃើញ គឺថ្ងៃទី៣១ខែកក្កដា មកដល់ថ្ងៃទី១ ខែសីហា សរុបចំនួន២ថ្ងៃ ចំនួន ១០៩ករណី ហើយសរុបចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី០១ ខែសីហា ឆ្នំា២០២១ ក្នុងរយៈពេលតែ៥ខែទេ គឺយើងបានរកឃើញរហូតដល់ទៅ ចំនួន ២២៣នាក់ ក្នុងនោះស្ដ្រី១០៧នាក់»។
លោកស្រីបន្ថែមថា «ស្ថានភាពនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ពីមុន គឺពពួកមេរោគបំប្លែងថ្មី Alpha បានវាកលុយនៅកម្ពុជា ក៏ប៉ុន្ដែនៅពេលថ្មីៗនេះ មានការវាយលុកពីមេរោគបំប្លែងថ្មី Delta ដែលនៅលើសកលលោក កំពុងមានការព្រួយបារម្ដ ដោយលទ្ធភាពនៃការចម្លងរបស់វាគឺលឿន ហើយនៅកម្ពុជារបស់យើង មេរោគបំប្លែងថ្មី Deltaនេះ ក៏កំពុងសកម្មក្នុងការវាយលុកចូលទៅក្នុងសហគមន៍យើង ហើយឆ្លងតាមកន្លែង និងជាដុំៗ»។
ត្បិតណាស់ពេលនេះ មេរោគបំប្លែងថ្មី Delta វាអត់ទាន់រីកសាយភាយចូលទៅក្នុងសហគមន៍យើងជាទ្រង់ទ្រាធំក៏ពិតមែន តែស្ថានភាពមួយដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ន ជាប់ជានិច្ច ហើយប្រកាន់យកនូវវិធានការពារ ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ថ្វីត្បិតតែយើងចាក់វ៉ាក់សំាងរួចហើយមែន តែបើយើងមិនប្រកាន់ភ្ជាប់នូវវិធានការការពារខ្លួននោះទេ នោះការចម្លងវីរុសនេះ មកលើកខ្លួនយើងគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា កាលពីថ្ងៃទី៣១ ខែកក្កដា ក្រសួងសុខាភិបាលបានរកឃើញអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលសែនសុខ រាជធានីភ្នំពេញ បានផ្ទុកនូវមេរោគបប្លែងថ្មី Delta ជាពលករដែលធ្វើដំណើរពីប្រទេសថៃ ហើយនៅថ្ងៃទី០១ សីហា ឆ្នាំ២០២១ គឺរកឃើញនៅរាជធានីភ្នំពេញចំនួន៤នាក់ទៀត ហើយជាពិសេសការរកឃើញបុគ្គលដែលផ្ទុកមេរោគបំប្លែងថ្មី Deltaនេះ គឺមានអ្នកដែលឆ្លង និងអ្នកមកពីក្រៅប្រទេសតាមជើងហោះហើរ។ ប៉ុន្ដែក៏មានអ្នកឆ្លងមេរោគបំប្លែងថ្មី Delta នេះ ដោយមិនដឹងថាគាត់ឆ្លងពីកន្លែងណា នេះហើយចំនុចសំខាន់ បើយើងមិនដឹងថាគាត់ឆ្លងពីប្រភពណា បើដឹងយើងនឹងទៅចាត់ចែងរុករកឱ្យបានលឿន អ្នកដែលវិជ្ជមានយកមកធ្វើការព្យាបាល យើងអាចគ្រប់គ្រងបានត្រឹមត្រូវ។
លោកស្រីរដ្ឋលេខាធិការរូបនេះ បានបន្ថែមថា «ប៉ុន្ដែពេលយើងអត់ដឹងថាគាត់ឆ្លងមកពីណា គឺជាបញ្ហាមួយ ហើយជាសញ្ញាដែលយើងត្រូវតែមានការប្រុងប្រយ័ត្ន ដោយសារ វីរុស Delta នេះបានចរាចរណ៍រួចទៅហើយ តែមិនទាន់ដឹងថានៅកន្លែងណា ដោយសារការចល័តរបស់ពលរដ្ឋយើង មិនបានអនុវត្ដវិធានការពារខ្លូន ៣ការពារ ៣កុំ ឱ្យខ្ជាប់ខ្ជួន ដែលរុនច្រានយើងយកជំងឺកូវីដ១៩ ទៅចម្លងអ្នកដទៃ»។
ទន្ទឹមនោះ លោកស្រី ឱ វណ្ណឌីន បានទទូចឱ្យពលរដ្ឋទាំងអស់ ចូលរួមអនុវត្ដវិធានសុខាភិបាល ហើយសុខចិត្ដលំបាកនៅពេលនេះ ជាជាងលំបាកក្នុងរយៈពេលវែងនៅពេលខាងមុខ បើការរាតត្បាតជាដុំៗនេះ ត្រូវបានរីកសាយភាយទ្រង់ទ្រាធំនៅក្នុងសហគមន៍៕