(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ទោះជាស្ថានភាពជំងឺកូវីដ១៩ នៃព្រឹត្តិការសហគមន៍២០កុម្ភៈ មិនទាន់មានភាពធូរស្រាលនៅឡើយ តែផែនការអភិវឌ្ឍនៅក្នុងខេត្តស្វាយរៀង នៅតែបន្តបោះជំហានទៅមុខជានិច្ច ដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើន។
លោក ម៉ែន វិបុល បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោ ផ្នែកខាងលិចប្រវែង ៨១៥ម៉ែត្រ ស្ថិតក្នុងក្រុងស្វាយរៀង ដើម្បីរៀបចំក្រាលការ៉ូឡា សួនច្បារកន្លែងបំពាក់សម្ភារៈហាត់ប្រាណទីសាធារណៈ ទីតាំងវេទិការអ៉ុទូក និងការរៀបចំភ្លើងបំភ្លឺ លម្អរនាពេលរាត្រី។
លោក ម៉ែន វិបុល បានបន្តថា សព្វថ្ងៃនេះខេត្តស្វាយរៀង មានសមិទ្ធផលធំៗជាច្រើន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បនេះ។
លោកបានបន្ថែមថា ជាក់ស្តែងច្រាំទន្លេវ៉ៃគោ បាននឹងកំពុងបោះជំហានស្ថាបនាទៅមុខពេលនេះ ដែលនេះគឺបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព ក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ សុខមាលភាពសង្គម ដូចជាផ្ដល់នូវទីតាំង សមស្រប សម្រាប់ការទស្សនាការប្រណាំងទូក ជាទីកម្សាន្តលំហែអារម្មណ៍ និងហាត់កីឡារបស់ប្រជាពលរដ្ឋ យុវជន យុវនារី មកកម្សាន្តនៅទីនេះផងដែរ។
សូមបញ្ជាក់ថា លោក ម៉ែន វិបុល ក៏បានចុះពិនិត្យការជួសជុលពង្រីកផ្លូវលេខ៣១៤ មានប្រវែង ៣,៥៨០ម៉ែត្រ ទទឹង១១ម៉ែត្រ ចាប់ពីខាងលិចស្ពានតាហោរហូតដល់ ចំណុច សួនច្បារច្រមុះជ្រូកផ្លូវជាតិលេខ១ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីឱ្យមានភាពធំទូលាយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ៕