(ភ្នំពេញ)៖ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកប ដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថាន បានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹង ចំនួន ៥០គ្រឿងទៅដល់ ២១រាជធានី-ខេត្ត (៤៩ស្រុក)។
ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានបានផ្តល់ទី១៖ រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅខេត្តចំនួន៩ (១៥ក្រុង-ស្រុក), ទី២៖ ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅខេត្តចំនួន២១ (៥៤ក្រុង-ស្រុក), ទី៣៖ គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ, ទី៤៖ ធុងសំរាមខ្នាតធំ (៥-១១តោន) ចំនួន៦៨ធុង ជូនទៅខេត្តចំនួន៨, ទី៥, ធុងញែកសំរាម ចំនួន៥០០ធុង ជូនទៅសួនសាធារណៈ វិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន, ទី៦៖ ធុងចម្រោះទឹកស្អាត ចំនួន៩១ធុង ជូនទៅខេត្តចំនួន៥ (១៥ក្រុង-ស្រុក) និងសាលារៀន, ទី៧៖ កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផល ដល់ការអភិវឌ្ឍដោយនិរន្តរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត៥០ និងធុងសំរាម៣០០), ទី៨៖ វគ្គបណ្តុះបណ្តាល ចំនួន៣វគ្គ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌកំណែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេស ដល់មន្ត្រីមូលដ្ឋានដោយទី១៖ ផ្តល់លទ្ធភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង នៅតាមមូលដ្ឋានសាម៉ី, ២៖ ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងសំរាមសំណល់រឹង នៅតាមមូលដ្ឋានសាម៉ី ឱ្យមានប្រសិទ្ធភាពខ្ពស់ និងទី៣៖ លើកកម្ពស់គុណភាពបរិស្ថាន ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាព។
ក្រោយមានកិច្ចអន្តរាគមន៍ពីក្រសួងបរិស្ថានកន្លងមក យើងសង្កេតឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤ បាននិងកំពុងអនុវត្តគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន បានយ៉ាងល្អប្រសើរ រួមមាន៖ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រុងព្រៃវែង និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ទន្ទឹមនឹងនេះដែរមានក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្រុកស្នួល ខេត្តក្រចេះ និងស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី កំពុងឈានឆ្ពោះទៅរកការ គ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពក្នុងពេលអនាគតខាងមុខ។
ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជៀសវាងការបោះសំរាមចោលផ្តេសផ្តាស ដែលធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាព និងផាសុកភាពសង្គម៕