(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

អង្គប្រជុំ នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលបានរៀបចំឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ និងជំរុញបន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវអនុតំបន់មេគង្គដែលមានស្ថិរភាព ភាពរឹងមាំ ធន់នឹងវិបត្តិ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងវិបុលភាពប្រកបដោយចីរភាព ដោយមានការគិតគូរពិចារណាទៅដល់ជំងឺរាតត្បាតកូវីដ-១៩ និងផែនការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពរបស់អនុតំបន់ក្រោយជំងឺរាតត្បាត។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២នេះ នឹងបញ្ជាក់ អំពីមិត្តភាពដ៏រឹងមាំ និងកិច្ចសហការដ៏ជោគជ័យរវាងបណ្តាប្រទេសទន្លេមេគង្គ និងសហរដ្ឋអាមេរិក ហើយនិងផ្តល់នូវកាលានុវត្តភាពប្រកបដោយសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាក់លាក់ និងមានផលប្រយោជន៍ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់ មេគង្គ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕