(ស្នួល-ក្រចេះ)៖ ក្នុងពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ កំពុងដំណើរការយ៉ាងសកម្មក្នុងសហគមន៍ប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ ទាំងអស់នៃខេត្តក្រចេះ មន្ត្រីក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានចូលរួមជម្រុញលើកទឹកចិត្តដល់សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការី អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត បានចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ ៣០០នាក់ មកពីភូមិនានាក្នុងឃុំស្វាយជ្រះ ដែលមកទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ រៀបចំដោយក្រុមការងារចំរុះចាក់វ៉ាក់សាំងរបស់ខេត្ត និងស្រុក នៅក្នុងបរិវេណសាលារៀនស្វាយជ្រះ ស្រុកស្នួល។
ថ្លែងមតិក្នុងពេលសំណេះសំណាល លោករដ្ឋមន្ត្រី ព្រុំ សុខា បានគូសបញ្ជាក់ពីសារៈសំខាន់ចាំបាច់នៃយុទ្ធនាការទ្រង់ទ្រាយធំសំរុកចាក់វ៉ាក់សាំងជូនប្រជាជន សំដៅបង្កើតភាពស៊ាំក្នុងសហគមន៍ ទប់ស្កាត់ឱ្យបានការរាតត្បាតនៃមេរោគដ៏កាចសាហាវកូវីដ-១៩ ដើម្បីថែរក្សាសុខុមាលភាពប្រជាជន និងការពារសុខសន្តិភាពសង្គមជាតិ។
ប្រជាពលរដ្ឋខេត្តក្រចេះទាំងមូលកោតសរសើរថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំង និងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ របស់សម្តេច ដោយជឿជាក់យ៉ាងមុតមាំលើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនយើងជាក់ជាមិនខាន។
បន្ទាប់មក នៅព្រឹកថ្ងៃដដែលនាបរិវេណវត្តស្វាយជ្រះ ក្រុមការងារខេត្តក្រចេះក៏បានជួបប្រជុំជាមួយមន្ត្រីគណបក្សឃុំ និងមន្ត្រីភូមិទាំង៨ ក្នុងឃុំស្វាយជ្រះ ដើម្បីពិភាក្សាលើផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅដណ្តើមជ័យជំនះសំរាប់ការបោះឆ្នោតខាងមុខ នាឆ្នាំ២០២២ និងឆ្នាំ២០២៣៕