Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសសេដ្ឋកិច្ច ចាប់ផលិតផលថ្នាំបំប៉ន និងឡេលាបស្បែក មិនបានបង់ពន្ធ៥៤កេស តាមព្រលានយន្ដហោះសៀមរាប

25-03-2016 11:56

(សៀមរាប)៖ ថ្នាំដែលជាអាហារបំប៉ន និងឡេលាបខ្លួន ចំនួន៥៤កេស (បិតជិត) រួមទាំងវ៉ាលី១ និងថង់យួរ៤ ដែលនាំចូលពីអាមេរិក តាមព្រលានយន្ដហោះអន្តរជាតិ ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានចាប់ឃាត់ រួមនឹងរថយន្ដ១គ្រឿង និងម្ចាស់ឥវ៉ាន់ផងដែរ។

លោកវរសេនីយឯក សឿន សេន នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោយពីបានទទួលរបាយការណ៍ ពីកម្លាំងសម្ងាត់ថា មានឥវ៉ាន់គេចពន្ធចេញពីព្រលានយន្ដហោះ ពេលនោះកម្លាំងរបស់លោក តាមចាប់បាននៅភូមិគោកដូង សង្កាតទឹកវិល ក្រុងសៀមរាប នៅចំណុចខាងមុខស្នងការដ្ឋាននគរបាល ខេត្តសៀមរាប គឺឃាត់បានថ្នាំ/អាហារបំប៉ន និងឡេលាបខ្លួនចំនួន៥៤កេស (បិតជិត) និង១វ៉ាលី និង៤ថង់យួរ រថយន្ដដឹក១គ្រឿង លេខភ្នំពេញ 2AF-7251 បញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកបញ្ជាក់ថា ស្រ្ដីដែលនាំផលិតផលទាំងនេះចូលមានឈ្មោះ ជា ណារី អាយុ៤២ឆ្នាំ រស់នៅភូមិដក់ពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺឃាត់ខ្លួននៅវេលាម៉ោង២៣៖៤៥នាទី រាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួន អ្នកបើកបររថយន្ដម្នាក់នោះមកសួនាំផងដែរ៕