(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ប្រុងប្រយ័ត្នដោយខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ខិតខំអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ«៣ការពារ និង៣កុំ» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែសីហានេះ រដ្ឋបាលខេត្តបន្តថា ដើម្បីធានាការ «រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងកាត់ផ្តាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេល» គប្បីអនុវត្តនូវវិធី «ការពារ ប្រសើរជាងព្យាបាល» តាមរយៈការធ្វើតេស្ករហ័ស (Rapid Test) ស្វែងមេរោគកូវីដ-១៩ ឱ្យបានទៀងទាត់ជាប្រចាំដោយខ្លួនឯង៕