(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ដើម្បីចាក់ជូនជនជាតិដើមភាគតិច នៅកម្ពុជា។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ អំឡុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ អាយុចន្លោះពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានឱ្យយោបល់ទៅ លោកជំទាវ ឱ វណ្ណឌីន នោះគឺបញ្ជូនទៅចាក់នៅតំបន់ជនជាតិភាគតិច ដោយសារអ្វី កន្លងទៅដោយសារតែចនសុន &ចនសុនមកយឺត យើងត្រូវប្រើ Astra Zeneca នៅក្រចេះ និងនៅមណ្ឌលគិរី ប៉ុន្តែក៏ជាប្រភេទគេចាត់ទុកថាល្អ ប៉ុន្តែគ្មានមួយណាល្អជាងមួយណាទេ»។
សម្តេចចង់ឱ្យជនជាតិភាគតិច នៅស្ទឹងត្រែង រតនគិរី ព្រះវិហារ និងតំបន់ជនជាតិភាគតិចដទៃទៀត បានទទួលវ៉ាក់សាំងចនសុន &ចនសុននេះ ដោយសារចាក់វ៉ាក់សាំងនេះគឺធ្វើឡើងតែ១ដូសទេ ហើយក៏ការសម្រួលដល់គ្រូពេទ្យទៅកាន់ទីនោះ។ សម្តេចបានបញ្ជាក់ថា ពេលនេះមិនអាចរកជនជាតិភាគតិចឱ្យគ្រប់១លាននាក់ទេ ខណៈវ៉ាក់សាំងនេះមាន១លាន ហើយចាក់តែម្នាក់១ដូសប៉ុណ្ណោះ។
សម្តេចបញ្ជាក់បន្ថែមថា៖ «បើនៅសល់ យើងត្រូវមើលដឺឡេរបស់វា បើដឺឡេរបស់វានៅសល់វែង អាចនឹងមានមនុស្សមួយចំនួនដែលមិនទាន់បានចាក់ យើងចាក់ឱ្យ រាប់ទាំងពលរដ្ឋយើងដែលត្រឡប់មកប្រទេសថៃ ព្រោះប្រទេសថៃរកវ៉ាក់សាំងចាក់ឱ្យមិនបានទេ អ្នកទាំងហ្នឹងនឹងទទួលបានវ៉ាក់សាំង ចនសុន & ចនសុន»។
សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson នេះជាជំនួយរបស់អាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដែលជើងទី១ ចំនួនជិត៥ម៉ឺន ក្នុងចំណោម១លានដូស បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១៕