(ភ្នំពេញ)៖ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) បានសហការជាមួយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាតាមប្រព័ន្ធ Zoom ស្តីពី «ការអនុវត្តនីតិវិធីរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) និងតុលាការ ចំពោះបទល្មើសកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងការនាំចូល ផលិត រក្សាទុក លក់ ចែកចាយ ផលិតផលក្លែងក្លាយ»។
កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមជាអធិបតីដោយនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. និងមានការចូលរួមថ្លែងមតិស្វាគមន៍ ដោយលោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា។
សិក្ខាសាលាអនឡាញនេះ ក៏មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមានដូចជា មន្ត្រីមកពីស្ថាប័នរដ្ឋ/ឯកជន អ្នកអនុវត្តច្បាប់ មេធាវី អាជ្ញាកណ្តាល ធុរជន និស្សិត និងអ្នកចូលរួមផ្សេងទៀត សរុបចំនួន៤៣៨នាក់។ ចំណែកឯប្រធានបទដែលនឹងត្រូវលើកយកមកចែករំលែកជូនសិក្ខាកាមនៅក្នុងសិក្ខាសាលា ត្រូវបានបែងចែកជាពីរផ្នែក ដោយលោក គន្ធ សុធីរ ជំនួយការប្រធាន គ.ប.ផ.ក. ទទួលបន្ទុកកិច្ចការច្បាប់ ទទួលបន្ទុកធ្វើបទបង្ហាញលើប្រធានបទស្តីពី «ការអនុវត្តនីតិវិធីរបស់ គ.ប.ផ.ក. ក្នុងករណីបទល្មើសកម្មសិទ្ធិបញ្ញា» និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទទួលបន្ទុកធ្វើបទបង្ហាញលើប្រធានបទស្តីពី «ការអនុវត្តនីតិវិធីរបស់អយ្យការ ពាក់ព័ន្ធនឹងបទល្មើសកម្មសិទ្ធិបញ្ញា»។
លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានធ្វើការកត់សម្គាល់នៅក្នុងមតិស្វាគមន៍របស់លោកស្រីថា សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្រោមការគាំទ្រពេញទំហឹងពីក្រសួងពាណិជ្ជកម្ម និងការផ្តួចផ្តើមគំនិតពីក្រុមភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក អ្នកអនុវត្តក្នុងវិស័យប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម មេធាវី និងសាស្រ្តាចារ្យនៅក្នុងវិស័យកម្មសិទ្ធិបញ្ញាដែលមានលោក ពេជ អង្គ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមអាណត្តិទី១។ លោកស្រីបន្ថែមទៀតថា សមាគម មានគោលដៅលើកកម្ពស់ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងចូលរួមចំណែកក្នុងការអភិវឌ្ឍការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាដល់បុគ្គល ឬភាគីពាក់ព័ន្ធ ពាណិជ្ជករ សហគ្រាសនានា រួមទាំងសហគ្រាសធនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងអាណត្តិទី២នេះ លោកស្រីបានបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអប់រំ ការបណ្តុះបណ្តាល ផ្សព្វផ្សាយអំពីវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាមួយក្រសួងស្ថាប័នសំខាន់ៗ រួមមានដូចជា ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងពត៌មាន, គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិនៃមជ្ឍត្តការផ្នែកពាណិជ្ជកម្ម, តុលាការ, បណ្តាមហាវិទ្យាល័យ, សមាគម, ក្រុមហ៊ុន, ព្រមទាំងអង្គការអន្តរជាតិនានា ហើយក្នុងនោះក៏មាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដែលជាដៃគូរសហការយ៉ាងជិតស្និទ្ធរបស់សមាគម ដែលនឹងត្រៀមចុះអនុស្សារណៈយោគយល់ ជាមួយគ្នានាពេលខាងមុខនេះ។
លោកស្រីប្រធានសមាគម បានទាញចំណាប់អារម្មណ៍អង្គពិធីទាំងមូល ឲ្យធ្វើការកត់សម្គាល់អំពីសារៈសំខាន់របស់កម្មសិទ្ធិបញ្ញា និងភាពចាំបាច់ដែលត្រូវទទួលបាននូវការការពារដោយច្បាប់ និងការគាំទ្រដោយអ្នកអនុវត្តច្បាប់ដែលពាក់ព័ន្ធទាំងអស់។ ជាការពិតណាស់ នៅក្នុងសង្គមមួយដែលមានការជឿនលឿនក្នុងវិស័យកម្មសិទ្ធិបញ្ញា ឬនិយាយបានថា កម្មសិទ្ធិបញ្ញាមានការពេញនិយម និងមានការការពារដោយច្បាប់ សង្គមនោះ ប្រាកដជាសង្គមដែលមានការប្រកួតប្រជែងខ្ពស់ក្នុងវិស័យពាណិជ្ជកម្ម និងជាសង្គមដែលពោរពេញទៅដោយការច្នៃប្រឌិត ហើយប្រជាជននៅក្នុងសង្គមនោះ ក៏មានជីវភាពល្អប្រសើរផងដែរ។
លោកស្រីបានពន្យល់បន្ថែមថា ប្រសិនបើទំនិញ ឬសេវាកម្មមួយ ត្រូវបានចំណាយពេលផលិត ឬរៀបចំ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារ ហើយទទួលបានការគាំទ្រពេញនិយម ប៉ុន្តែមិនត្រូវបានការពារដោយទេ ពេលនោះទំនិញ ឬសេវាកម្មនោះ ប្រាកដជាមានក្លែងបន្លំ ហើយផលិតផល ឬសេវាកម្មដែលក្លែងបន្លំទាំងនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ទំនិញ ឬសេវាកម្មដើមពិតប្រាកដ ដែលនេះធ្វើឲ្យខាតបង់ជាទឹកប្រាក់យ៉ាងធំធេងសម្រាប់ម្ចាស់ដើមនៃទំនិញ ឬសេវាកម្មនោះ។ បើយើងនិយាយអំពីការប៉ះពាល់ដល់ប្រជាជនវិញ គឺពួកគាត់បានចំណាយប្រាក់កាសរបស់ខ្លួនរួចហើយ ប៉ុន្តែមិនទទួលបាននូវទំនិញ ឬសេវាកម្មពិតប្រាកដដែលខ្លួនចង់បាន ដែលនេះគឺបានធ្វើឲ្យខាតបង់ប្រាក់កាសរបស់ពួកគាត់ផង និងបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ផង ប្រសិនបើជាទំនិញក្លែងក្លាយ។
ផ្ទុយទៅវិញ ប្រសិនបើកម្មសិទ្ធិបញ្ញាត្រូវបានការពារដោយច្បាប់ ពេលនោះម្ចាស់ទំនិញ ឬសេវាកម្មដើម នឹងរឹតតែព្យាយាមរិះរកវិធីដើម្បីអភិវឌ្ឍន៍នូវទំនិញ ឬសេវាកម្មរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរឡើង ដើម្បីបន្តទទួលការគាំទ្រ និងរឹតតែទទួលបាននូវប្រាក់ចំណូលរឹតតែខ្ពស់។ មិនតែប៉ុណ្ណោះ ដៃគូរប្រកួតប្រជែងផ្សេងទៀត ក៏ត្រូវតែប្រឹងប្រែងរិះរកការច្នៃប្រឌិត បង្កើតអ្វីដែលថ្មី ដើម្បីទទួលបាននូវភាពទាក់ទាញនានា ដែលអាចជាគុណភាព ការរចនា និងតម្លៃទីផ្សារ ផ្សេងៗ ដើម្បីចូលរួមប្រកួតប្រជែងជាមួយទំនិញ ឬសេវាកម្មដែលទទួលបានការការពារដោយច្បាប់ ហើយនៅពេលនោះហើយ សង្គមទាំងមូលគឺក្លាយជាសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែង ពេលនោះប្រជាជននឹងកាន់តែមានជម្រើសរឹតតែច្រើនជាមួយនឹងភាពជឿជាក់ថា ការជ្រើសរើសទំនិញ ឬសេវាកម្មរបស់គាត់ មិនមែនក្លែងក្លាយ ជាមួយនឹងតម្លៃសមរម្យដែលមានភាពប្រកួតប្រជែង។
លើសពីនេះទៅទៀត រដ្ឋក៏ទទួលបាននូវពន្ធអាករផ្សេងៗរឹតតែច្រើនពាក់ព័ន្ធនឹងទំនិញ ឬសេវាកម្ម ឬផលចំណេញពាក់ព័ន្ធ ដែលកើតចេញពីទំនិញ ឬសេវាកម្មដែលពោរពេញទៅដោយការប្រកួតប្រជែងពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាផងដែរ ដែលជាក់ស្តែងនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ទើបតែចេញបទដ្ឋានគតិយុត្តដែលកំណត់យកផលចំណេញមូលធន ពីប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា ហើយដែលអ្វីទាំងអស់នេះ គឺជាផ្នែកមួយនៃប្រភពធនធានសម្រាប់ការអភិវឌ្ឍន៍នានារបស់ប្រទេសជាតិ។
ជាមួយគ្នានេះ លោកស្រីមេធាវី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ក៏បានជម្រាបជូនអង្គពិធីបន្ថែមផងដែរ អំពីសារៈសំខាន់នៃភាពជាដៃគូរពាក់ព័ន្ធនានា ដែលពិតជាមិនអាចខ្វះបាន សម្រាប់ការសហការគ្នាដើម្បីទទួលបានជាប្រយោជន៍សម្រាប់វិស័យកម្មសិទ្ធិបញ្ញា និងវិស័យជំនាញដទៃផ្សេងទៀតរបស់ដៃគូពាក់ព័ន្ធ និងនិយាយជារួម គឺផលប្រយោជន៍ជាតិ។ ក្នុងនោះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងស្ថាប័នតុលាការ គឺជាស្ថាប័នដែលពាក់ព័ន្ធជាមួយនឹងប្រធានបទសិក្ខាសាលានាថ្ងៃនេះផ្ទាល់តែម្តង ព្រោះថាស្ថាប័នទាំងពីរ គឺជាតួរអង្គអ្នកអនុវត្ត ពោលគឺនៅពេលមានការក្លែងបន្លំផលិតផលនានា ឬហៅកាត់ថាមានបទល្មើសកម្មសិទ្ធិបញ្ញាកើតឡើង ស្ថាប័នទាំងពីរនេះហើយ គឺជាស្ថាប័នដែលមានសមត្ថកិច្ចក្នុងការបង្ក្រាប និងផ្តន្ទាទោស។ ជាចុងក្រោយ លោកស្រីប្រធានសមាគម សង្ឃឹមថា ប្រធានបទនេះនឹងផ្តល់ជាប្រយោជន៍យ៉ាងច្រើនសម្រាប់ការយល់ដឹងបន្ថែម ដល់សាធារណៈជន ក៏ដូចជាក្រុមអ្នកអនុវត្តច្បាប់ រួមមានដូចជា មេធាវី ជាដើម ដើម្បីយល់ដឹង អំពីនីតិវិធីនៃការដោះស្រាយបទល្មើសកម្មសិទ្ធិបញ្ញាដោយយន្តការរបស់ស្ថាប័នទាំងពីរ។
នៅក្នុងការថ្លែងសុន្ទរកថាបើកកម្មវិធីលោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក ដែលជាគណៈអធិបតី បានថ្លែងកោតសសើរ និងថ្លែងអំណរគុណ ដល់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តួចផ្តើមក្នុងការសហការរៀបចំជាមួយ គ.ប.ផ.ក. ក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ថ្លែងអំណរគុណដល់វាគ្មិនកិត្តិយស ដែលបានចំណាយពេលវេលាចូលរួមធ្វើបទបង្ហាញនាពេលនេះ។
លោកបានចែករំលែកជាមួយសិក្ខាកាម នូវវឌ្ឍនភាព សកម្មភាពនានាដែល គ.ប.ផ.ក. បានសម្រេចនាពេលកន្លងមក ព្រមទាំងស្ថានភាពបច្ចុប្បន្ន និងទស្សនៈវិស័យនៃបេសកកម្មរបស់ គ.ប.ផ.ក.។ លោកប្រធាន គ.ប.ផ.ក. ក៏បានលើកទ្បើងថា ការរីករាលដាលនៃផលិតផលក្លែងក្លាយ ក៏ដូចជាបទល្មើសកម្មសិទ្ធិបញ្ញាគ្រប់ប្រភេទនៅក្នុងប្រទេស ក្នុងតំបន់ និងក្នុងពិភពលោក គឺជាបញ្ហាប្រឈមដ៏ធំមួយគួរឱ្យព្រួយបារម្ភ បាននិងកំពុង បង្កជាហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចជាតិ និងសន្តិសុខសាធារណៈផងដែរ ដែលទាមទាឲ្យមានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទាំងនេះ ហេតុនេះហើយ ទើបវគ្គបណ្តុះបណ្តាលជាច្រើនត្រូវបានរៀបចំ ឡើងដើម្បីសិក្សាស្រាវជ្រាវអំពីការវិវឌ្ឍនៃបទល្មើស ក៏ដូចជាទទួលយកបទពិសោធន៍ថ្មីៗ ដើម្បីយកទៅ អនុវត្តន៍ក្នុងការងារជាក់ស្តែងសម្រាប់បម្រើឱ្យផលប្រយោជន៍ និងសុខភាពសាធារណៈជូនប្រជាពលរដ្ឋ របស់យើង ពីព្រោះថាសុខភាព សុខុមាលភាព និងសុវត្ថិភាពប្រជាពលរដ្ឋជាវិស័យអាទិភាព និងជាទិសដៅ នយោបាយដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានការពារ និងលើកកម្ពស់ ហេតុនេះ សិក្ខាកាមទាំងអស់ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវខិតខំប្រឹង ក្រេបយកនូវចំណេះដឹង និងបទពិសោធន៍ទាំងអស់នេះ ដើម្បីទៅអនុវត្តការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍ ក៏បានបន្តលើកទ្បើងផងដែរថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបផលិតផលក្លែងក្លាយ ក៏ដូចជាបទល្មើសកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងការនាំចូល ការផលិត ការស្តុកទុក ការចរាចរផលិតផលក្លែងក្លាយដែលបទល្មើសទាំងនេះ បាននាំឱ្យប្រជាពលរដ្ឋយើងខាត បង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងថែមទាំងប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិទៀតផង លើសពីនេះទៅទៀត ថែមទាំងជះឥទ្ធិពលមិនល្អទៅដល់ធុរជនដែលប្រកបរបរទទួលទានដោយស្របច្បាប់ទៀតផង។ ហេតុនេះ ហើយទើបរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយនេះឡើង ក្រោមការដឹកនាំ និងតម្រង់ទិសដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោកបន្ថែមទៀតថា សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការចែករំលែក រួមមានទាំងបទពិសោធន៍ និងចំណេះដឹង ដែលត្រូវធ្វើការផ្សព្វផ្សាយ និងជំរុញការយល់ដឹងឱ្យកាន់តែស៊ីជម្រៅពីសារៈសំខាន់របស់កម្មសិទិ្ធបញ្ញា ជាពិសេសការអនុវត្តនីតិវិធីរបស់ គ.ប.ផ.ក. និង តុលាការ ពាក់ព័ន្ធនឹងបទល្មើសកម្មសិទ្ធិបញ្ញា។
សិក្ខាសាលាអនឡាញស្តីពី «ការអនុវត្តនីតិវិធីរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) និងតុលាការ ចំពោះបទល្មើសកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងការនាំចូល ផលិត រក្សាទុក លក់ ចែកចាយ ផលិតផលក្លែងក្លាយ» ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដល់អ្នកចូលរួម៕