(កណ្ដាល)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់វ៉ាក់សាំងទៅលើកុមារ និងយុវវ័យ អាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ នៅខេត្តកណ្ដាល បានចាប់ផ្ដើមបណ្ដើរៗហើយនៅតាមមូលដ្ឋាននានាទាំង១១ក្រុង-ស្រុក ទូទាំងខេត្ត។
បើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលបានថ្លែងប្រាប់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខ្នះខ្នែងណាស់ដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដើម្បីឲ្យពួកគាត់ទទួលបានការចាក់វ៉ាក់សាំងការពារអាយុជីវិតពីជំងឺកូវីដ១៩។ ក្នុងនោះ អ្នកអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ក៏មានទទួលបានឱកាសល្អផងដែរ ខណ:វ៉ាក់សាំងបានត្រៀមគ្រប់ចំនួន សម្រាប់ការចាក់ទៅលើយុវវ័យទាំងអស់គ្នា។
លោកបញ្ចាក់ទៀតថា នៅក្នុងខេត្តកណ្ដាល ក្រុមអ្នកអាយុខាងលើ ប្រមាណជា ១៤១,១៣០នាក់ ត្រូវបានមន្ទីរផែនការបានបញ្ជាក់ពីទិន្នន័យមាននៅក្នុងខេត្តកណ្ដាល ហើយពួកគាត់នឹងមានឱកាសស្មើៗគ្នាក្នុងការមកទទួលយកការចាក់វ៉ាក់សាំងនេះដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានទូទាំងខេត្តកណ្ដាល។
លោកប្រធានមន្ទីរបន្តអំពាវនាវដល់ កុមារ និងយុវវ័យ ដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទាំងអស់ នៅទូទាំងខេត្តកណ្ដាល មេត្តារួសរាន់មកទទួលយកការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមប្រឆាំង និងកាត់ផ្ដាច់ការចម្លង កូវីដ១៩ ឲ្យអស់ចេញពីប្រទេសកម្ពុជាយើង។
បើតាមការសង្កេត គេមើលឃើញថា យុវជន យុវតី ច្រើនកុះករបាននឆំគ្នាមកចាក់វ៉ាក់សាំងដោយគ្មានការភ័យខ្លាចឡើយ ពោលគឺដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ និងកាត់ផ្ដាច់ការចម្លងជំងឺនេះមិនឲ្យឆ្លងតទៅមុខទៀត៕