(ភ្នំពញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ឧស្សាហកម្មប្រេង និងឧស្ម័នលើកដំបូងរបស់កម្ពុជា ដែលបានប្រកាស កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប្រហែលជាបរាជ័យហើយ ដោយសារតែបរិមាណនៃការទាញយកប្រេងឆៅ មានកម្រិតតិចតួច ខុសការរំពឹងទុក ហើយក្រុមហ៊ុនវិនិយោគបានប្រកាសក្ស័យធនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា បើទោះជាឧស្សាហកម្មប្រេងកាតបរាជ័យ ប៉ុន្តែកម្ពុជាមានឧស្សាហកម្មរ៉ែមាស ដែលអាចចម្រាញ់មាសបាន១៣៧គីឡូក្នុង១ខែ។ ឧស្សាហកម្មរ៉ែមាសនេះ ស្វិតនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល របស់អូស្ត្រាលី។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលយើងប្រកាសពីដំណក់ប្រេងលើកដំបូង ប្រហែលជាបរាជ័យហើយ។ គ្រោងថា ក្នុង១ថ្ងៃបូមបាន៧០០០បារ៉ែលទីចុងបំផុត ១ថ្ងៃបានតែ១ពាន់បារ៉ែល ឥឡូវក្រុមហ៊ុន [KrisEnergy] ក្ស័យធន បូកថែមទៅដោយ កប៉ាល់ដែលបូមប្រេងដាក់ រត់ចេញបាត់ទៀត។ ប៉ុន្តែដោយប្លុកប្រេងវានៅច្រើន យើងកំពុងបន្តការខិតខំដើម្បីរុករក ធ្វើអាជីវកម្ម។ សំណាងយើងបានមាសត្រឹមតែ១ខែ មាសដែលយើងចម្រាញ់បានរហូតទៅដល់១៣៧គីឡូ បើតាមរដ្ឋមន្ត្រី ស៊ុយ សែម រាយការណ៍»។
គួររំលឹកថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេង លើកដំបូងរបស់ខ្លួន ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy របស់សិង្ហបុរី ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ អ្វីដែលគួរឲ្យសោកស្តាយនោះ បរិមាណប្រេងកាត ដែលបូមចេញពីអណ្តូងទាំង៥ នៃតំបន់អប្សរា ក្នុងប្លុក A មានបរិមាណតិចខុសពីការរំពឹងទុក។ ក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន ព្រោះតែមិនអាចស្រោចស្រង់ នូវបញ្ហាបំណុលរបស់ខ្លួនបាន។
ក្នុងគ្រាដែលរ៉ែប្រេងកាតជួបបញ្ហា អាជីវកម្មរ៉ែមាសបានចូលមកជំនួសវិញ, នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០% (Gold Doré Bars) បានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធ្លាប់បានបញ្ជាក់ថា ការធ្វើអាជីវកម្មរ៉ែមាសនេះ អាចទាញយកចំណូលដល់ប្រមាណ១៨៥ លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕