(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ច្បាស់ៗ ជាថ្មីម្ដងទៀត ពាក់ព័ន្ធនឹងការអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីកុំឲ្យមានការអត្ថាធិប្បាយខុសពីការពិត នាំឲ្យមានការយល់ច្រឡំ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ បានមានប្រសាសន៍ថា សម្ដេចនឹងអញ្ជើញចេញទៅទទួលដោយផ្ទាល់ ចំពោះតែវ៉ាក់សាំងដែលជាជំនួយទ្វេភាគីតែប៉ុណ្ណោះ ខណៈវ៉ាក់សាំងជាជំនួយតាមយន្ដការកូវ៉ាក់ ឬពហុភាគី សម្ដេចនឹងចាត់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាអ្នកទៅទទួល។
ការចេញមកបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោយមានការអត្ថាធិប្បាយពាក់ព័ន្ធការមិនចេញអញ្ជើញទៅទទួលដោយផ្ទាល់ នៅពេលវ៉ាក់សាំង ចនសុនចនសុន របស់សហរដ្ឋអាមេរិកដែលផ្ដល់ជំនួយតាមរយៈយន្ដការកូវ៉ាក់ ដែលបានមកដល់ប្រទេសកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ពេលនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ត្រូវបានចាត់ឲ្យអញ្ជើញទៅទទួលជាតំណាងរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងទៀតថា ជំនួយតាមរយៈយន្ដការកូវ៉ាក់ ឬពហុភាគីនេះ ត្រឹមរដ្ឋមន្រ្តីក្រសួងសុខាភិបាលគ្រប់គ្រាន់ហើយ ព្រោះកម្ពុជាក៏បានផ្តល់ថវិកាទ្រទ្រង់ដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថ្ងៃនេះ ខ្ញុំទៅទទួលនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ តែវ៉ាក់សាំងជំនួយទ្វេភាគីប៉ុណ្ណោះ។ ថ្ងៃទី០៤ ខែសីហាខាងមុខ វ៉ាក់សាំងអង់គ្លេសមកដល់ ខ្ញុំនឹងចេញទៅទទួល ប៉ុន្ដែមកតាមក្របខណ្ឌកូវ៉ាក់ ដែលកូវ៉ាក់ជាអង្គការពហុភាគី កម្ពុជាក៏ជាសមាជិកដែរ ចឹងខ្ញុំអត់ចេញទេ ខ្ញុំឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាលចេញ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ វ៉ាក់សាំងរបស់អង់គ្លេសនឹងមកដល់ ដែលជាជំនួយទ្វេភាគីនោះ ហើយសម្ដេចនឹងអញ្ជើញទៅទទួលដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ សម្ដេចអះអាងថា សម្ដេចមិនមានការរើសអើងក្នុងការចេញទទួលវ៉ាក់សាំងនោះ ឲ្យតែក្នុងក្របខ័ណ្ឌទ្វេភាគី គឺសម្ដេចអញ្ជើញទៅទទួលភ្លាម៕