(ពោធិ៍សាត់)៖ អាជ្ញាធរសម្រេចបូជាសាកសពជនរងគ្រោះម្នាក់ ដែលត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតក្នុងទឹកស្ទឹង ដែលមានសភាពហើមស្អុយរលួយ ហើយគ្មានសាច់ញាតិដឹងលឺ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្ទឹងពោធិ៍សាត់ពីលើមកក្រោមនៅភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា សាកសពជនរងគ្រោះដែលអណ្តែតក្នុងទឹកស្ទឹងនោះ មិនស្គាល់អត្តសញ្ញាណទេ តែដឹងថាភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ សម្បុរខ្មៅ កម្ពស់១,៦ម៉ែត្រ ពាក់អាវយឺតដៃវែង ពណ៌ត្រីអ៉ី និងអាវយឺតខាងក្នុង ពណ៌លឿង ដៃខ្លី ស្លៀកខោក្រណាត់ពណ៌ខ្មៅ។
ប្រភពបានបន្តថា ផ្អែកតាមការកោសល្យវិច្ច័យ របស់លោកគ្រូពេទ្យជំនាញ និងផ្នែកជំនាញការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើតេស្តរកមេរោគកូវីត១៩ លើសាកសព លទ្ធផលគឺ(អវិជ្ជមាន)។ ក្រោយមកការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត រួមទាំងក្រុមគ្រូពេទ្យបានធ្វើការពិនិត្យនៅលើរាងកាយនៅលើសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌនោះទេ។
ក្រុមគ្រូពេទ្យជំនាញ និងក្រុមជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត បានដាក់ការសន្និដ្ឋានថា សាកសពនេះអាចស្លាប់ បណ្ដាលមកពីខ្យល់គ ងងឹតមុខ ធ្លាក់ក្នុងទឹកស្ទឹងលង់ស្លាប់តែម្ដង។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្នើសុំគោលការណ៍ពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបូជាតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ចំពោះធាតុ(ឆ្អឹង)សព ត្រូវបានប្រគល់ជូនលោកអាចារ្យគណៈកម្មការវត្តពោធិ៍សុវណ្ណរង្សី យកទៅរក្សាតម្កល់ទុក ដើម្បីផ្សព្វផ្សាយរកសាច់ញាតិ មកទទួលយកនៅពេលក្រោយ៕