(ភ្នំពេញ)៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រដៅដល់មេដឹកនាំសង្គមស៊ីវិលមួយចំនួន ដែលបានប្រមាថចំពោះការដឹកនាំរបស់សម្តេច ដោយលើកឡើងថា ខ្លួនបានក្លាយទៅជាមេអំបៅហើយ ប៉ុន្តែគួរកុំភ្លេចដើមកំណើតដែលកើតពីសត្វដង្កូវ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ អំឡុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យ អាយុចម្លោះពី១២ឆ្នាំ ដល់១៧ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មនឹងមេដឹកនាំសង្គមស៊ីវិលមួយចំនួន ដែលតែងរិះគន់ចំពោះបញ្ហាសិទ្ធិមនុស្ស អំឡុងពេលដែលរដ្ឋាភិបាលកំពុងដាក់ចេញនូវវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចបានបញ្ជាក់ថា៖ «អ្នកឯងកុំក្លាយទៅជាមេអំបៅ ដែលភ្លេចដើមកំណើតកើតចេញពីដង្កូវ សូមចាំ»។
សម្តេចបានចោទសួរទៅ ក្រុមមេដឹកនាំអង្គការទាំងនោះ ថាតើក្នុងចំណោមសិទ្ធិមនុស្សទាំងអស់ អ្វីជាអាទិភាពមុនគេ មុននឹងទៅដល់សិទ្ធិផ្សេងៗទៀត។ សម្តេចបានប្រើនូវភាសាធ្ងន់ៗថា ប្រសិនបើពួកគេមិនបានដាក់ សិទ្ធិរស់រានមានជីវិតមុនគេទេ គឺ «ឆ្កែសុទ្ធ»។
សម្តេចបានលើកឡើងថា «ពួកអ្នកឯងនេះ គឺអ្នកឯងរៀនក្រោមដំបូលសាលារៀន ដែលហ៊ុន សែន បានធ្វើឲ្យរៀន អ្នកឯងក្លាយទៅជាមេសិទ្ធិមនុស្ស បើអ្នកឯងបានរៀនក្រោមដំបូលដែល ហ៊ុន សែន គ្រប់គ្រង ក្នុងរយៈពេលក្រោយឆ្នាំ១៩៧៩ អ្នកឯងមិនអាចប្រមាថមើលងាយ ហ៊ុន សែន បានទេ ព្រោះអ្នកឯងបានចេះបានដឹង ឆ្លងកាត់មហាវិទ្យាល័យ ក្រោមការដឹកនាំរបស់ ហ៊ុន សែន អ្នកឯងត្រូវចាំអ្នកឯងគួរខ្មាសអៀនផង»។
សម្តេចបានបន្តថា៖ «សូម្បីតែអ្នកទៅរស់នៅក្រៅប្រទេសដែលបានរួចផុតពីការស្លាប់ ដែលបានរៀនសូត្រក្រោមដំបូលសាលា ក្រោមសន្តិភាពរបស់ហ៊ុនសែន ក្រោមការរៀបចំរបស់គណបក្សប្រជាជនដែលមានហ៊ុនសែននៅទីនោះ អ្នកឯងមានជីវិតមកដល់សព្វថ្ងៃនេះ ក៏មានបាតដៃហ៊ុនសែនជួយឲ្យអ្នកឯងបានរស់ដែរ ជួយឲ្យអ្នកឯងមានការចេះដឹង អ្នកឯងបានការងារធ្វើទៅក្រៅប្រទេស រៀននៅបរទេស ទៅនៅបរទេស»៕