(វៀងច័ន្ទ)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានស្នើឲ្យឡាវ បង្កើនការការពារពលរដ្ឋនានា នៅតាមតំបន់ព្រំដែន បន្ទាប់ពីជនបរទេសចំនួន៦នាក់ បានទទួលរងរបួសដោយក្រុមខ្មាន់កាំភ្លើង វាយប្រហារជាលើកទី៣ នៅក្នុងឆ្នាំ ២០១៦នេះ។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅភាគខាងជើង តំបន់ទេសចរណ៍ Vang Vieng កាលពីយប់ ថ្ងៃពុធ នៅពេលដែលខ្មាន់កាំភ្លើង បានបើកការវាយប្រហារ នៅរថយន្តក្រុងដឹក ជនជាតិវៀតណាម ផ្ទុកដោយមនុស្ស ២៨នាក់ ចេញពីភាគនិរតីនៃប្រទេសចិន ទៅកាន់រដ្ឋធានី វៀងច័ន្ទ របស់ឡាវ។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បានឲ្យដឹងថា អ្នកធ្វើដំណើរចំនួន៦នាក់ បានទទួលរងរបួស ក្នុងនោះ២នាក់រងរបួសធ្ងន់។ បន្ទាប់ពីឧប្បតិហេតុ ក្រសួងការបរទេសចិន និងស្ថានទូតចិនប្រចាំប្រទេសឡាវ បានបញ្ជូនអ្នកតំណាងទៅកាន់ឡាវ, ទាមទារឲ្យឡាវបញ្ជូនយោធា និងប៉ូលិស ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងបង្កើនការការពារសុវត្ថិភាពពលរដ្ឋរបស់ខ្លួន។
កាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានហេតុការណ៍វាយប្រហារ យ៉ាងអាថ៌កំបាំងស្រដៀងគ្នា នៅក្នុងឆ្នាំនេះ បានសម្លាប់ជនជាតិចិន៣នាក់ និងជាច្រើននាក់ទៀតរបួស នៅក្នុងតំបន់ភ្នំ។ ការវាយប្រហារចុងក្រោយនេះ បានកើតឡើងនៅក្នុងខេត្តដែលជាតំបន់ផ្ទុះឡើងនូវ ក្រុមបង្កហិង្សា ដោយក្រុមជនជាតិភាគតិច ប្រឆាំងនឹងរដ្ឋាភិបាល។ សូមជម្រាបថា ឡាវនឹងបើកទ្វារធ្វើជាម្ចាស់ផ្ទះស្វាគមន៍ ប្រធានាធិបតីសហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ២០១៦នេះ និងឈានដល់កម្រិតកំពូល នៃការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានថែមទៀត៕