(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាង ការរីករាលដាលជំងឺកូវីដ១៩ អាចនឹងមិនទាន់បិទបញ្ចប់បានភ្លាមៗនោះទេ ហើយក៏មិនដឹងថាអូសបន្លាយដល់ពេលណានោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅតាមបែបគន្លងថ្មី គឺរៀនរស់ជាមួយជំងឺកូវីដ១៩។
ក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនមែនតែកម្ពុជានោះទេ ដែលត្រូវរៀនរស់ជាមួយជំងឺកូវីដ១៩ សូម្បីតែសិង្ហបុរីក៏ចាប់ផ្ដើមរៀនរស់ ជាមួយជំងឺនេះទៅហើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំជឿថាមិនចប់ទេជំងឺកូវីដ១៩ ចឹងជម្រើសដែលនៅសល់ មានតែវិធីរៀនរស់ជាមួយកូវីដតាមគន្លងថ្មី [...] ជំងឺនេះអាចដូចផ្ដាសាយអេស្ប៉ាញ ដែលបច្ចុប្បន្នបន្ដនៅមានជំងឺផ្ដាសាយធំ រៀនរស់ទៅតាមគន្លងថ្មី របៀបលាងដៃ របៀបពាក់ម៉ាស់ នេះគឺជារបៀបដែលត្រូវការ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកឡើងថា សូម្បីតែសម្ដេចខ្លួនឯង នៅពេលបច្ចុប្បន្ននេះក៏ចាប់ផ្ដើមកែប្រែរបៀបនៃការរស់នៅ និងធ្វើការងារមួយចំនួនផងដែរ។ សម្ដេចបានលើកឧទាហរណ៍ថា កាលពីមុនមានមន្ដ្រី៣នាក់ ដែលធ្វើការនៅក្នុងផ្ទះសម្ដេចផ្ទាល់ (ក្រុមលេខាធិការដ្ឋាន) ដើម្បីរៀបចំឯកសារមួយចំនួន ប៉ុន្ដែពេលនេះមិនមានមន្ដ្រីធ្វើការនៅផ្ទះសម្ដេចទៀតនោះទេ គឺត្រូវទៅធ្វើការនៅខុទ្ទកាល័យវិញ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ពាក់ព័ន្ធការទទួលទានអាហារ កាលមុនសម្ដេចមានអ្នករៀបចំជូន ប៉ុន្ដែពេលនេះការងារមួយចំនួន សម្ដេចត្រូវរៀបចំធ្វើដោយខ្លួនឯង។ ការធ្វើបែបនេះ ត្រូវបានសម្ដេចអះអាងថា ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ និងជាការរស់នៅតាមបែបគន្លងថ្មី នៃបរិបថជំងឺកូវីដ១៩។
បើទោះបីប្រាប់ប្រជាពលរដ្ឋឲ្យរៀនរស់នៅជាមួយជំងឺកូវីដ១៩ក៏ពិតមែន ប៉ុន្ដែប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានដម្កល់សិទ្ធិរស់រានមានជីវិតជាធំនោះ បានរិះរកនូវយន្ដការផ្សេងៗ ធ្វើយ៉ាងណាបង្កើននូវភាពស៉ាំជូនដល់ប្រជាពលរដ្ឋ តាមរយៈយន្ដការ នៃការចាក់វ៉ាក់សាំងនេះ។
យើងងាកមកមើលទិដ្ឋភាពជាក់ស្ដែង នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាក៏កំពុងតែរៀនរស់នៅជាមួយជំងឺកូវីដ១៩ ស្រាប់ទៅហើយ ដោយគ្រប់ៗនៅពេលធ្វើដំណើរទៅណាមកណា ឬទៅកន្លែងណាមួយ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច និងទឹកអាល់កុលនៅជាប់ខ្លួនជាប្រចាំផងដែរ។ ដោយឡែក កន្លែងណាដែលធ្លាប់ប្រមូលផ្ដុំមនុស្ស ក៏ត្រូវកាត់បន្ថយជាដើម។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៧,៩១៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧០,៧៥៤នាក់ និងស្លាប់សរុបចំនួន ១៤២០នាក់៕