(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាប្រកាន់នយោបាយការបរទេសចម្រុះពណ៌ ហើយជំនួយពីប្រទេសណា ក៏កម្ពុជាទទួលដែរ គ្រាន់តែយើងកំណត់នូវបង្អែកវ៉ាក់សាំងច្បាស់លាស់មួយប៉ុណ្ណោះ។
ការបញ្ជាក់បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ លើកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជានៅតែបន្តរួមដៃជាមួយប្រទេសនានាលើពិភពលោក ជាពិសេសប្រទេសជិតខាងរួមមានប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ ព្រមទាំងបណ្តាប្រទេសនៅក្នុងតំបន់ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
«ហើយនៅតែមានទំនុកចិត្ត ជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរ ដទៃទៀតដូចជា អង្គការសុខភាពពិភពលោក (WHO) វិទ្យាស្ថានជាតិប៉ាស្ទ័រ, CDC របស់អាមេរិក និងបណ្តាដៃគូរផ្សេងទៀត អង្គការ យូនីសេស (UNICEF), COVAX កម្ពុជាធ្វើទាំងអស់ នេះហើយជានយោបាយការបរទេសចម្រុះពណ៌របស់កម្ពុជា អញ្ចឹងពេលនេះលែងនិយាយអីកើតថា ហ៊ុន សែន ស្អីក៏ពឹងចិន ព្រោះជប៉ុន ឱ្យមកក៏យក អាមេរិកឱ្យមកក៏យក អង់គ្លេសឱ្យមកក៏យក អូស្ត្រាលី ឱ្យមកក៏យក ខ្ញុំមានដែលបដិសេធពីអង្កាលណា គ្រាន់តែខ្ញុំដឹងច្បាស់ថា ប្រភពណាជាប្រភពបង្អែក ដែលផ្គត់ផ្គង់ឱ្យយើង ទាំងផ្តល់ជំនួយផង ទាំងទិញបានផង»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ត្រូវប្រភពច្បាស់លាស់ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីយកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដូច្នេះ កម្ពុជា មិនត្រូវការប្រភពផ្គត់ផ្គង់វ៉ាក់សាំងមិនច្បាស់នោះទេ។
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងជំនួយរបស់ចិន ប្រភេទ Sinovac ចំនួន ១លានដូស នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា ខណៈវ៉ាក់សាំង Johnson &Johnson ចំនួន៩០៩.៦០០ដូសទៀត ដែលជំនួយរបស់អាមេរិកតាមយន្តការ COVAX នឹងមកដល់កម្ពុជានៅថ្ងៃទី២ ខែសីហា។
ចំពោះវ៉ាក់សាំង AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនៅសល់ជិត ៦០ម៉ឺនដូស ក៏ដូចជាវ៉ាក់សាំងជំនួយរបស់រដ្ឋាភិបាលអង់គ្លេសចំនួន ៤១៥.០០០ដូស ដែលជាប្រភេទAstraZenecaដែរនោះ ក៏នឹងមកដល់ជាបន្តបន្ទាប់នៅអំឡុងខែសីហានេះដែរ។
ក្រៅពីនេះ សម្តេច តេជោ ហ៊ុន សែន ឱ្យដឹងដែរថា កម្ពុជានឹងទទួលបានវ៉ាក់សាំង ប្រភេទ Sinovac ៥លានដូសបន្ថែមទៀតដែលទិញពីចិន នៅក្នុងខែសីហានេះ។
នៅក្នុងខែសីហានេះ កម្ពុជានឹងទទួលបានវ៉ាក់ចំនួន ៧.៦៩២.៦០០ ដូសទៀតទាំងវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត និងវ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញពីរដ្ឋាភិបាលចិន។
បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ជិត១៩លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ហើយបើគិតទាំងវ៉ាក់សាំងកូវីដ-១៩ ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត នៅក្នុងខែសីហានេះ កម្ពុជា នឹងមានវ៉ាក់សាំងសរុបជិត ២៦.៥លានដូស។ ក្នុងចំណោមវ៉ាក់សាំងសរុបនេះ មានប្រមាណ២០.៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន៕