(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានថ្លែងសារដ៏សំខាន់មួយ ហាក់ចំអកឲ្យមេដឹកនាំក្រុមប្រឆាំង ដែលធ្លាប់ញុះញង់រឿងវ៉ាក់សាំងកូវីដ១៩ របស់ចិន ប៉ុន្តែផ្ទុយទៅវិញការញុះញង់នោះបរាជ័យ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ក្រុមប្រឆាំង មើលពីចលនារបស់ប្រជាពលរដ្ឋ មកទទួលយកវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ ដែលមានរហូតដល់ជាង ៧លាននាក់ហើយ នៃប្រជាជនគោលដៅ ១០លាននាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា ការណ៍ដែលកម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងជោគជ័យ លើសផែនការរំពឹងទុកនេះ ដោយសារកត្តា ២យ៉ាង។ កត្តាទី១ កម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់ដំណើរការចាក់វ៉ាក់សាំង ទាំងគ្រូពេទ្យ យោធា និងមានអាជ្ញាធរក្រោមជាតិ ធ្វើការប្រកបដោយការទទួលខុសត្រូវ។ កត្តាទី២ ប្រជាពលរដ្ឋ មិនដើរតាមការញុះញង់របស់ក្រុមប្រឆាំង តែពួកគាត់បានគាំទ្រផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល តាមរយៈការមកចាក់វ៉ាក់សាំង យ៉ាងភ្លូកទឹកភ្លូកដី។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «មានពេទ្យស្ម័គ្រចិត្តច្រើនក្រុម ដើម្បីចាក់វ៉ាក់សាំង! ហើយថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ គ្រប់ស្ថាប័នសុទ្ធតែមានអនុគណៈកម្មការ ចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង បានទទួលខុសត្រូវការរៀបចំទីតាំង មើលការខុសត្រូវ ធ្វើឲ្យផែនការយើងទៅដោយរលូន។ មានការចូលរួមពីប្រជាជន មកទទួលវ៉ាក់សាំង និងការជួយទៅដល់ថវិកាសម្រាប់ការទិញវ៉ាក់សាំង។ ចលនាជាតិនៅក្នុងបញ្ហាវ៉ាក់សាំង គឺជាបញ្ហាដ៏ធំ មិនមែនតូចតាចទេ។ ប្រៀបដូចជាការធ្វើប្រជាមតិមួយ»។
«(មានការនិយាយថា) វ៉ាក់សាំងចិនចាក់ទៅងាប់ វ៉ាក់សាំងចិនចាក់ទៅពិការ ប៉ុន្តែឥឡូវនេះក្នុងចំណោមមនុស្ស ១០លាននាក់ ចាក់បាន ៧លាននាក់ ស្មើនឹងជាង ៧០ភាគរយ នៃចំនួនប្រជាជនគោលដៅ [...] ខ្ញុំមិនឌឺឲ្យនរណាទេ ប៉ុន្តែអ្នកត្រូវមើលឃើញចលនាជាតិមួយ»។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៧,៣០៤,៧៥៦នាក់ នៃផែនការចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់។ នេះបញ្ជាក់ថា ផែនការចាក់វ៉ាក់សាំង សម្រេចបានចំនួន ៧៣.០៥% ហើយ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កម្ពុជានឹងមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រហូតដល់ជាង ២៦.៥លានដូស ដើម្បីចាក់ទូទាំងប្រទេសបន្តទៀត៕