(កោះកុង)៖ ដើម្បីអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការការពារកូវីដ១៩ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ លោក ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំយុទ្ធនាការជាលើកដំបូងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២-១៧ឆ្នាំ ទូទាំងខេត្តកោះកុង។ ការចាក់វ៉ាក់សាំងជាលើកដំបូងជូនដល់កុមារ និងយុវវ័យនេះ មានការចូលរួមពីលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។
លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២-១៧ឆ្នាំ នៅថ្ងៃនេះ មន្ទីរសុខាភិបាលបានរៀបចំចាក់វ៉ាក់សាំងជាលើកទី១ ជូនដល់កុមារយុវ័យទូទាំងខេត្តកោះកុង ក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះមាន ១ក្រុង និង ៦ស្រុក ហើយតម្រូវចាក់វ៉ាក់សាំងទាំងអស់នៅថ្ងៃនេះ ក្នុងរយៈពេល៧ថ្ងៃ ដែលមានកុមារយុវ័យត្រូវចាក់មានចំនួន ១៩,៤០០នាក់។
លោកបានបន្តថា ការចាក់វ៉ាក់សាំងជូនកុមារ យុវវ័យចាប់ពីអាយុ១២ដល់១៧ឆ្នាំ រាជរដ្ឋាភិបាលតម្រូវឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដូចមនុស្សចាស់ដែរ គឺមានលើកទី២ ម្តងទៀត ឲ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា រាជរដ្ឋាភិបាលលោកបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបញ្ហាកូវីដ១៩ មិនថាកុមារយុវវ័យ ឬមនុស្សចាស់ទេ គឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គ្រប់ពេលវេលា ពីព្រោះជំងឺកូវីដនេះនៅតែមានហានិភ័យខ្ពស់ដដែល វាមិនទាន់សាបសូន្យពីភពផែនដីនៅឡើយទេ ហើយជាពិសេសកុមារ និងយុវជនជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។
លោកស្រី មិថុនា ភូថង បានថ្លែងប្រាប់ថា «សូមកូនក្មួយទាំងអស់កុំមានការតក់ស្លុតកុំមានការព្រួយបារម្ភកុំខ្លាចក្នុងការចាក់វ៉ាក់សាំងការពារកូវីដ១៩ ការចាក់វ៉ាក់សាំងជូនប្អូនកូនក្មួយដែលអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការពារកូវីដ១៩ កុំឲ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ»។
ជាមួយគ្នានោះ លោកស្រីអភិបាលខេត្តបានអំពាវរនាវដល់អាណាព្យាបាលគ្រប់មជ្ឈដ្ឋានទាំងអស់ សូមនាំកូនចៅគ្រប់អាយុតម្រូវឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ចាប់អាយុ១២-១៧ឆ្នាំ ឲ្យបានគ្រប់ៗគ្នា ហើយត្រូវអនុវឲ្យខ្ជាបខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងធ្វើអនាម័យឲ្យបានជាប់ជានិច្ច (ការពារប្រសើរជាងព្យាបាល)៕