(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យសមត្ថកិច្ចអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះអ្នកផ្គើននឹងវិធានការការពារកូវីដ១៩ ដោយមិនអាចទុកឱ្យមនុស្ស១ ឬ២នាក់ បំផ្លាញមនុស្សរាប់ពាន់ រាប់ម៉ឺន ឬរាប់សែនលាននាក់នោះទេ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ត្រូវអនុវត្តន៍ដាច់ខាតចំពោះអ្នកផ្គើនវិធានការពារកូវីដ១៩ មិនអាចទុកឲ្យមនុស្ស១-២នាក់ បំផ្លាញមនុស្សរាប់ពាន់ រាប់ម៉ឺន ឬរាប់សែនលាននាក់នោះទេ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ច្បាប់បង្កើតឡើងដើម្បីការពារជីវីតមនុស្ស មិនមែនដើម្បីបង្កើតឡើងរំលោភសិទ្ធិមនុស្សនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាយ៉ាងដូច្នេះថា៖ «ចំពោះអ្នកមើលស្រាលមិនស្តាប់បង្គាប់ មិនគោរពតាមវិធានសុខាភិបាល យើងទើបនឹងបង្កើតនូវអនុគណៈកម្មការ ដឹកនាំអនុវត្តច្បាប់ ច្បាប់របស់យើងមានដាក់ទោសទណ្ឌ អញ្ចឹងទេបើបំពានណាត្រូវផាកតិច ផាកច្រើនណាត្រូវគុក បើនៅប្រទេសវៀតណាម គេប្រកាសពីប្រាក់ដែលផាកវិន័យ ចំពោះអ្នកគោរពតាមវិធានការរបស់រដ្ឋាភិបាល អីឡូវយើងចាប់ធ្វើអាហ្នឹង និយាយមិនស្តាប់នៅតែបើខារ៉ាអូខេជុំគ្នា ចាប់បានកាត់ក្តីភ្លាមបញ្ជូនទៅពន្ធនាគារ ដល់ដំណាកកាលនេះហើយ»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា ប្រសិនបើគោរពសិទ្ធិបុគ្គលដែលផ្គើននឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីលរាលដាលជំងឺកូវីដ១៩ ម្នាក់ ហើយទុកឱ្យប្រជាជនរងគ្រោះជាច្រើននាក់នោះ គឺមិនបាននោះទេ។
ត្រង់ចំណុចនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានចោទសួរទៅក្រុមអ្នកសិទ្ធិមនុស្សមួយចំនួនតូចថា ត្រូវយល់ឱ្យច្បាស់ចំពោះបញ្ហាដែលជនទាំងនោះបង្កឡើង និងសូមកុំរិះគន់វាយប្រហាររដ្ឋាភិបាល ព្រមទាំងមន្ត្រីអនុវត្តច្បាប់ ដើម្បីយកតែបុងឱ្យសោះ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រដៅទៅក្រុមអ្នកសិទ្ធិមនុស្សនិយមថា សូមកុំគិតតែសិទ្ធិលើបុគ្គលម្នាក់ ប៉ុន្តែ បែរជាមិនបានគិតទៅលើសិទ្ធិមនុស្សរាប់ម៉ឺននាក់ ដូច្នេះ ការបង្កើតឡើងនូវអនុគញៈកម្មការដឹកនាំ និងអនុវត្តច្បាប់ គឺមានគោលដៅរួមដើម្បីផាកពិន័យទៅលើជនដែលបំពានច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារតែមានបុគ្គលមួយចំនួនមិនរាងចារ បន្តផ្គើនល្មើសវិធានាការការពារជំងឺកូវីដ១៩ បំពាននឹងច្បាប់ ដូច្នេះ ជនទាំងនោះត្រូវតែចាប់បញ្ជូនទៅពន្ធនាគារ។
សូមជម្រាបថា អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
នៅក្នុងសេចក្តីសម្រេចខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺ៕