(ភ្នំពេញ)៖ ថ្លែងចេញពីវិមានសន្ដិភាព នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងនៅក្នុងប្រទេស សរុបចំនួនជាង១៩លានដូសហើយ។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងទទួលបានវ៉ាក់សាំង ទាំងផ្នែកជំនួយផង និងទាំងផ្នែកការទិញផង ចំនួន ៧,៦៩២,៦០០ ដូសបន្ថែមទៀត ក្នុងខែសីហា ឆ្នាំ២០២១នេះ។
ការគូសបញ្ជាក់បែបនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ន សែន អញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃអាទិត្យទី០១ ខែសីហា ឆ្នាំ២០២១នេះ នៅវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ វ៉ាកសាំងបានមាននៅក្នុងប្រទេសយើង ដែលយើងមាន និងកំពុងដំណើរការចាក់ មាន១៩លានដូស បូកទាំងព្រឹកហ្នឹង»។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា វ៉ាក់សាំងប្រមាណជាង៧.៦លានដូស ដែលគ្រោងនឹងមកដល់ក្នុងខែសីហានេះ ទាំងជំនួយផង និងទាំងការទិញផង ក្នុងនោះ រួមមាន៖
* វ៉ាក់សាំង ដែលជាជំនួយរបស់ប្រទេសចិន ចំនួន១លានដូស
* វ៉ាក់សាំង ចនសុនចនសុន (Johnson & Johnson) ដែលជាជំនួយរបស់ប្រទេសអាមេរិក នឹងមកដល់ចំនួន៩០៩,៦០០ដូស នៅថ្ងៃទី០២ ខែសីហា
* វ៉ាក់សាំង រដ្ឋាភិបាលអង់គ្លេស ចំនួន៤១៥,០០០ដូស
* និងវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន ចំនួន៥លានដូស ខណៈវ៉ាក់សាំងរបស់ជប៉ុន កំពុងរង់ចាំការបញ្ជាក់។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការមកដល់នៃចំនួនវ៉ាកសាំង ក្នុងខែសីហានេះ ធ្វើឲ្យកម្ពុជា នឹងមានវ៉ាក់សាំង សរុបចំនួនជាង២៦.៥លានដូស។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រកាសឲ្យដឹងផងដែរថា កម្ពុជាមិនទាត់ចោលជំនួយពីប្រទេសណាឡើយ ប៉ុន្តែកម្ពុជាត្រូវរកប្រភពវ៉ាក់សាំងឲ្យច្បាស់ ដែលជាការជ្រើសរើសប្រភពត្រូវ ហើយអាចជួយកម្ពុជាបាន៕