(ភ្នំពេញ)៖ ការប្រើប្រាស់សេវាធានារ៉ាប់រង របស់ប្រជាពលរដ្ឋកម្ពុជា នៅមានកម្រិតទាបខ្លាំងនៅឡើយ បើធៀបនឹងប្រទេសកក្នុងតំបន់ ជាមួយគ្នានេះ កម្រិតនៃការយល់ដឹងពីអត្ថប្រយោជន៍ វិស័យធានារ៉ាប់រងក៏នៅមានកម្រិតទាបផងដែរ នេះបើតាមការលើករបស់លោក ម៉ី វ៉ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេច្ចកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងសិក្ខាសាលាស្តីពី ម៉ាឃិធីង សេវាធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត៖ ការធ្វើឲ្យលេចធ្លោនូវឈ្មោះ និងតម្លៃផលិតផលធានារ៉ាប់រង នាព្រឹកថ្ងៃទី២៥ ខែមីនានេះ នាសណ្ឋាគារកាំបូឌីយ៉ាណា។
លោក ម៉ី វ៉ាន់ បានគួសបញ្ជាក់ថា វិស័យធានារ៉ាប់រងត្រូវបានចាត់ទុក ជាសសរស្តម្ភមួយ នៃវិស័យហិរញ្ញវត្ថុ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១១-២០២០ ហើយដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការធ្វើបច្ចុប្បន្នភាព។ ក្រោមទិសដៅនៃយុទ្ធសាស្ត្រនេះ ក៏ដូចជាយុទ្ធសាស្ត្រ ដែលកំពុងធ្វើបច្ចុប្បន្នភាព កង្វះសមត្ថភាពនៃបុគ្គលិកវិជ្ជាជីវៈ នៅតែត្រូវបានចាត់ទុកជាបញ្ហាប្រឈមមួយ របស់ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា។
លោកបានថ្លែងថា «ទោះយ៉ាងណាក៏ដោយការប្រើប្រាស់ សេវាធានារ៉ាប់រង ពីសំណាក់ប្រជាពលរដ្ឋ នៅមានកម្រិតទាបខ្លាំងនៅឡើយ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ ហើយចំណេះដឹងអំពីអត្ថប្រយោជន៍ ធានារ៉ាប់រងរបស់ប្រជាបលរដ្ឋ ក៏នៅមានកម្រិតទាបនៅឡើយដែរ។ ក្នុងបរិបទនេះការធ្វើម៉ាឃិធីង និងការជំរុញការលក់គឺជាសកម្មភាព ចាំបាច់ជំរុញដល់ការរីកធំធាត់ នៃវិស័យធានារ៉ាប់រងនៅកម្ពុជា»។
លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាប់រងមានការរីកចម្រើន គួរឲ្យកត់សម្គាល់ ជាក់ស្តែងបុព្វលាភធានារ៉ាប់រងទូទៅ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានកំណើនជាមធ្យម២០% ក្នុងមួយឆ្នាំ ដែលបុព្វលាភដុលក្នុងឆ្នាំ២០១៥ បានទ្បើងដល់ចំនួន ៦១,៥លានដុល្លារអាមេរិក។ ជាងនេះទៅទៀត ធានារ៉ាប់រងអាយុជីវិត ដែលទើបមានកំណើត មិនដល់៤ឆ្នាំផងនោះ បុព្វលាភក៏មានការកើនទ្បើង យ៉ាងខ្លាំងផងដែរ ជាក់ស្តែងបុព្វលាភធានារ៉ាប់រង អាយុជីវិតក្នុងឆ្នាំ២០១៥ សម្រេចបាន ២២លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកឯធានារ៉ាប់រងខ្នាតតូច ក៏បង្ហាញនូវភាពខ្លាំងរបស់ខ្លួនដែរ ដែលក្នុងនោះបុព្វលាភក្នុងឆ្នាំ២០១៥ ទទួលបានចំនួន១,៨លានដុល្លារ កើនទ្បើង៤៧៧% ធៀបនឹងឆ្នាំ២០១៤។ នេះសបញ្ជាក់ឲ្យឃើញថា វិស័យធានារ៉ាប់រងក្នុងប្រទេសកម្ពុជា កាន់តែទទួលបានទំនុកចិត្ត ពីអតិថិជនកាន់ច្រើនទ្បើង ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើន នៃទីផ្សារធានារ៉ាប់រង ដ៏គួរឲ្យកត់សម្គាល់នេះ វិស័យធានារ៉ាប់រងនៅកម្ពុជា ក៏មានតម្រូវការលើធនធាន មនុស្សកាន់តែច្រើន លើជំនាញផ្សេងៗ នៅក្នុងខ្សែសង្វាក់ផលិតកម្មធានារ៉ាប់រង (insurance value Chain) រួមទំាងការធ្វើម៉ាឃិធីងផងដែរ។ ដូច្នេះការធ្វើម៉ាឃិធីង ក៏ត្រូវមានលក្ខណៈពិសេស ដែលអាចទាក់ទាញអ្នកប្រើប្រាស់ យកប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទដែលប្រជាពលរដ្ឋកម្ពុជា នៅមានការយល់ដឹងទាបនៅទ្បើយ អំពីតម្រូវការសេវាធានារ៉ាប់រងនេះ៕