(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ បានអះអាងថា រាជរដ្ឋាភិបាល ពិចារណាអនុញ្ញាតឲ្យសណ្ឋាគារមួយចំនួន ដែលចង់បើកជួលតម្លៃថោក ដល់ការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមិនចង់ព្យាបាលនៅពេទ្យ និងផ្ទះ ហើយរាជរដ្ឋាភិបាលនឹងគាំទ្រផ្នែកសុខាភិបាល។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការពិចារណាឲ្យសណ្ឋាគារដែលចង់ជួលក្នុងតម្លៃថោក ដល់អ្នកជំងឺកូវីដ១៩ព្យាបាលជាលក្ខណៈឯកជននេះ គឺជាការសម្រួលដល់អ្នកដែលមានជីវភាពមធ្យម ដែលមិនចង់សម្រាកព្យាបាលនៅតាមផ្ទះ ហើយចង់បានការសម្រាកព្យាបាលដែលមានតម្លៃសមរម្យ ជាងតាមមន្ទីរពេទ្យឯកជន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «វិស័យឯកជនគ្រោងបើកដាក់ឲ្យដំណើរការនូវសណ្ឋាគាររបស់គេមួយចំនួន ដោយយកថ្លៃថោកជាងតម្លៃមន្ទីរពេទ្យឯកជន ព្រោះមានអ្នកដែលមានលទ្ធភាពខ្លះ គាត់ខ្វះលទ្ធភាពបង់ប្រាក់យ៉ាងច្រើន សម្រាប់មន្ទីរពេទ្យឯកជន ប៉ុន្ដែគាត់មិនចង់ទៅសម្រាកនៅកន្លែងដែលមានមនុស្សកុះករនោះទេ គាត់ចង់សម្រាកនៅកន្លែងដែលមានបន្ទប់មួយដោយឡែករបស់គាត់ ចឹងប្រសិនបើមានសំណើបែបនេះ ខ្ញុំផ្ដល់ជាអនុសាសន៍សម្រាប់ក្រសួងសុខាភិបាល គួរត្រូវពិនិត្យមើល បញ្ហាគឺស្ថិតនៅត្រង់ថាក្រុមគ្រូពេទ្យ»។
សម្ដេចតេជោនាយករដ្ឋមន្ដដ្រី បានគូសបញ្ជាក់ថា សណ្ឋាគារដែលធ្លាប់តែទទួលប្រាក់ពីភ្ញៀវទេសចរ អាចប្ដូរមកទទួលប្រាក់ពីអ្នកជំងឺកូវីដ១៩ កម្រិតស្រាលវិញបានក្នុងអន្ដរកាលនេះ។ ដោយឡែក បុគ្គលិកសណ្ឋាគារ ដែលស្ម័គ្រចិត្តដើម្បីគ្រាន់តែយកម្ហូបអាហារទៅឲ្យអ្នកជំងឺនោះ ក៏បានការងារធ្វើត្រឡប់មកវិញមួយផ្នែកផងដែរ។
ទន្ទឹមនឹងការគិតគូរ និងផ្ដល់ជម្រើសដល់អ្នកកើតជំងឺកូវីដ១៩កម្រិតស្រាលបែបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវផ្ដល់នូវការគាំទ្រផ្នែកគ្រូពេទ្យ ដល់សណ្ឋាគារដែលមានគម្រោងចង់ជួលដល់អ្នកកើតជំងឺកូវីដ១៩ សម្រាប់សម្រាកព្យាបាល ហើយគ្រូពេទ្យក៏ត្រូវទទួលកម្រៃពីផ្នែកឯកជនដូចគ្នា។
គួរជម្រាបថា ក្រៅពីមន្ទីរពេទ្យរបស់រដ្ឋដែលទទួលបន្ទុកពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងធ្ងន់ និងស្រាលហើយនោះ រាជរដ្ឋាភិបាលក៏បានបង្កើតនូវមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមតំបន់ និងទីតាំងមួយចំនួនទៀតផងដែរ ដើម្បីសម្រួលដល់ភាពចង្អៀនណែននៅតាមមន្ទីរពេទ្យរដ្ឋ។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឲ្យមន្ទីរពេទ្យឯកជន អាចទទួលព្យាបាលអ្នកកើតជំងឺកូវីដ១៩ ដែលចង់បានសេវាឯកជនបានដូចគ្នា ហើយតម្លៃស្ថិតលើការកំណត់របស់វិស័យឯកជន ប៉ុន្ដែក្នុងលក្ខខណ្ឌសមស្រប។ មួយវិញទៀត រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យមានការសម្រាកព្យាបាលជំងឺកូវីដ នៅតាមផ្ទះរៀងៗខ្លួនផងដែរ សម្រាប់អ្នកដែលមានកម្រិតស្រាល។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៧,៩១៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧០,៧៥៤នាក់ និងស្លាប់សរុបចំនួន ១៤២០នាក់៕