(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានប្រកាសទៅកាន់ប្រជាពលរដ្ឋរបស់លោក ទូទាំងខណ្ឌអាចយកម៉ូតូដែល មិនទាន់មានស្លាកលេខ ទៅធ្វើស្លាកលេខ បាននៅច្រកចេញចូលតែមួយ នៅសាលាខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះតទៅ ដើម្បីងាយស្រួលការធ្វើដំណើររបស់ខ្លួន លើដងផ្លូវ និងដើម្បីចូលរួមអនុវត្តច្បាប់ របស់ប្រទេសជាតិផងដែរ។
លោក គួច ចំរើន បានបញ្ជាក់ថា «ការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ បានចាប់ផ្ដើមផ្ដល់សេវា ផ្លាកលេខម៉ូតូ ជូនអតិថិជន ក្នុងខណ្ឌដូនពេញ បានហើយ សូមអញ្ជើញ ប្រជាជនក្នុងខណ្ឌមេត្តាអញ្ជើញមកទទួលសេវានេះ នៅការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ ចាប់ពីពេលនេះតទៅ»។
ជាក់ស្តែងនៅព្រឹកថ្ងៃនេះ គេសង្កេតឃើញវត្តមានរបស់លោកអភិបាលខណ្ឌ អញ្ជើញចូលរួមពិនិត្យ និងជួយកឹបស្លាកលេខម៉ូតូ របស់ប្រជាពលរដ្ឋ ដែលយកម៉ូតូទៅធ្វើ។ សូមបញ្ជាក់ថា ការធ្វើស្លាកលេខម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាលកែម្រួល និងបន្ធូរបន្ថយតម្លៃ យ៉ាងសមរម្យ ដើម្បីចូលរួមកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ហើយអ្វីដែលងាយស្រួលបំផុតនោះ គឺការធ្វើស្លាកលេខ ប្រព្រឹត្តទៅនៅតែមួយកន្លែង ដោយមិនចាំបាច់រត់ធ្វើនៅច្រើនទីតាំងនោះឡើយ។
លោក គួច ចំរើន បានបញ្ជាក់ថា សម្រាប់ការធ្វើស្លាកលេខម៉ូតូ គឺត្រឹមមួយថ្ងៃ ម្ចាស់ទទួលបានស្លាកលេខ ដែលអស់ត្រឹម៤០០០០រៀល ហើយមួយខែក្រោយ នឹងទទួលបានប័ណ្ណសំគាល់យាន្ត គឺកាគ្រីម៉ូតូ៕