(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានប្រកាសសង្កត់ធ្ងន់ៗថា សម្តេចមិនកំណត់ពេលវេលា ក្នុងការកាន់អំណាចជានាយករដ្ឋមន្រ្តីឡើយ។ ចំពោះការប្រកាសបែបនេះសម្តេចអះអាងថា មិនមែនជាការប្រកាសក្នុងនាមជាមេដឹកនាំប្រទេសបែបផ្តាច់ការឡើយ។
ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានបុគ្គលមួយចំនួន ដែលតែងតែប្រឆាំងនឹងសម្តេច បានចោទប្រកាន់មិនឈប់មិនឈរថាសម្តេចជាមេដឹកនាំផ្តាច់ការ។
ប៉ុន្តែបើតាមប្រសាសន៍សម្តេចតេជោ, ការដឹកនាំរបស់សម្តេច បានធ្វើឲ្យប្រជាជនពេញចិត្ត និងគាំទ្រជានិច្ច ដែលបានបង្ហាញតាមរយៈចលនាជាតិនានា ដូចជា ការចូលរួមភាគទានទិញវ៉ាក់សាំង និងសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសង្គមទាំងឡាយផង។
សម្តេចមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «បើអ្នកណាផ្តាច់ការកាន់តែខ្លាំង សម្លាប់គេកាន់តែច្រើន គេវ៉ៃវិញកាន់តែលឿន។ ខ្ញុំមិនបានទៅសម្លាប់នរណាទេ [...] ឥឡូវខ្ញុំលែងកំណត់ពេលវេលា នៃការស្ថិតនៅជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ ធ្វើទាល់តែខ្ញុំលែងចង់ធ្វើ»។
សម្តេចណែនាំទៅក្រុមប្រឆាំងបន្តថា «កុំមកនិយាយថា រដ្ឋាភិបាលនេះផ្តាច់ការ ព្រោះបើផ្តាច់ការប្រជាជនមិនមែននៅជាមួយទេ។ គ្មាននរណា ផ្តាច់ការជាង ប៉ុល ពត នោះទេ តែគេនៅបានតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចំណែកឯ ហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាល ជាង៤២ឆ្នាំ»។
សូមជម្រាបថា កាលពីដើមឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្តេចចង់បន្តកាន់អំណាចជានាយករដ្ឋមន្ត្រី ១០ឆ្នាំទៀត៕