(កុងហ្គោ)៖ ប្រធានាធិបតីសាធារណរដ្ឋកុងហ្គោ លោក Denis Sassou Nguesso បានឈ្នះលើការបោះឆ្នោត ទទួលបានតំណែងជាប្រធានាធិបតីមួយអាណត្តិ៥ឆ្នាំទៀត ជាមួយនឹងសំឡេងគាំទ្រ ៦០,៣៩ភាគរយ នៃការបោះឆ្នោត នេះបើយោងតាមព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Raymond Zephyrin Mboulou ជាអ្នកប្រកាសលទ្ធផល បានឲ្យដឹងថា មេដឹកនាំបក្សប្រឆាំង លោក Guy-Brice Parfait Kolelas ទទួលបានការគាំទ្រ ១៥ភាគរយ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខណៈលោក Jean-Marie Mokoko ទទួលបានសំឡេងគាំទ្រ១៤ភាគរយ។ ក្រុមបេក្ខជនបក្សប្រឆាំង បានចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោត ដោយបានឲ្យដឹងថា លទ្ធផលផ្ទាល់ខ្លួនរបស់ពួកគេបានបង្ហាញថា លោកប្រធានាធិបតី Sassou Nguesso ទទួលបានសំឡេងគាំទ្រតិចជាងគេ។
លោក Sassou Nguesso បានឡើងកាន់តំណែងជាប្រធានាធិបតី នៅក្នុងឆ្នាំ១៩៧៩ ហើយបានធ្លាក់ពីតំណែងនៅឆ្នាំ១៩៩២ នៅពេលដែលលោកចាញ់ការបោះឆ្នោត។ នៅក្នុងឆ្នាំ១៩៩៧ លោកបានឡើងកាន់អំណាចសារជាថ្មី បន្ទាប់ពីសង្គ្រាមស៊ីវិល។ ក្រោយមកទៀត លោកបានឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ២០០២ និង២០០៩៕