(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃ ការ បោះឆ្នោតនេះ ជូនដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។
ការរៀបចំការប្រកាសលទ្ធផលនេះ ក្រោយរយៈពេល ៣ថ្ងៃ បន្ទាប់ពីថ្ងៃដែលគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពត បានបិទផ្សាយលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត គ.ជ.ប ពុំបានទទួលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់ណាមួយពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ន នេះទេ។
យោងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្នុងករណីពុំមានការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ហើយបន្ទាប់ពីក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប បានពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានត្រឹមត្រូវរួចហើយ លទ្ធផលបណ្តោះអាសន្ននឹងត្រូវក្លាយជាលទ្ធផលផ្លូវការ។
សូមជម្រាបថា គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងរួមមាន៖
*គណបក្សប្រជាជនកម្ពុជា
*គណបក្សសញ្ជាតិកម្ពុជា
*គណបក្សយុវជនកម្ពុជា
*គណបក្សហ៊្វុនស៊ិនប៉ិច។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតចំនួន១៧ លើ១៧ សម្រាប់ការបោះជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខណៈគណបក្សនយោបាយ ចំនួន៣ទៀត មិនទទួលបានសម្លេងនោះឡើយ
កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ បង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក៕