(ព្រុចសែល)៖ ប៉ូលិសបែលហ្ស៊ិក បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមីនានេះថា មានមនុស្ស ៦នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅកណ្ដាលទីក្រុងព្រុចសែល ដែលជាទង្វើរបស់ក្រុមឧទ្ទាម ISIS នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយមុននេះបន្ដិច។
មនុស្សទាំង ៦នាក់ ដែលត្រូវចាប់ខ្លួននោះ មិនត្រូវបានប៉ូលិសបង្ហាញអត្តសញ្ញាណឡើយ ប៉ុន្តែជនសង្ស័យ៣នាក់ ដែលថតបានដោយកាមេរ៉ា CCTV នៅក្នុងអាកាសយានដ្ឋានគឺត្រូវបានប៉ូលិសស្គាល់អត្តសញ្ញាណ និងកំពុងតែតាមស្វែងរក ខណៈរបាយការណ៍ស៊ើបអង្កេតថ្មីបានបង្ហាញថា ក្រុមភេរវករមានផែនការវាយប្រហាររស្ថានីយថាមពលនុយក្លេអ៊ែរបែលហ្ស៊ិក ប៉ុន្តែបានប្ដូរគោលដៅមកវាយប្រហារនៅអាកាសយានដ្ឋាន និងនៅចំណតរថភ្លើងក្រោមដីទៅវិញ។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃអង្គារ ទី២២ ខែមីនាកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកផ្ទួនៗនៅអាកាសយានដ្ឋាន និងចំណតរថភ្លើងក្រោមដី កណ្ដាលទីក្រុងព្រុចសែល បណ្ដាលឲ្យមនុស្ស៣៤នាក់ស្លាប់ និងរបួសជាង ២៥០នាក់៕