(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ ឆ្នាំ២០២១ស្អែកនេះ នឹងអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ នឹងធ្វើឡើងនៅវិមានសន្តិភាព។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន។
ជាមួយនឹងការប្រកាសបើកយុទ្ធនាការនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការនាំកូនៗទៅចាក់វ៉ាក់សាំងនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងនាំចៅៗរបស់សម្តេចប្រមាណ ១១នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងផងដែរ។
ក្រៅតែពីចៅៗរបស់សម្តេចហើយនោះ ចៅៗរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដទៃទៀត ក៏នឹងចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃស្អែកនេះផងដែរ។ គេនៅចាំបានថា កាលពីកម្ពុជា ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកដំបូងសម្រាប់អ្នកមានអាយុ ១៨ឆ្នាំឡើង កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅសម្តេចតេជោ ក៏បានចាត់ឱ្យកូនៗរបស់សម្តេច និងកូនៗរបស់ថ្នាក់ដឹកនាំចាក់វ៉ាក់សាំងបើកមុខបែបនេះផងដែរ។
ការយកកូនៗ និងចៅៗ ក្នុងការនាំមុខចាក់វ៉ាក់សាំងនេះ ត្រូវបានគេមើលឃើញថា ជាការផ្តល់ទំនុកចិត្ត និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជឿជាក់លើគុណតម្លៃវ៉ាក់សាំង ហើយនាំកូនៗទៅចាក់វ៉ាក់សាំង។
អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ល្អបំផុត គឺត្រូវសម្រេចឱ្យបានការចាក់វ៉ាក់សាំងដែលគ្របដណ្តប់បាន លើសពី៩០% នៃចំនួនប្រជាជនសរុប។ ចំនួននេះ នឹងអនុញ្ញាតឱ្យប្រទេសនីមួយៗអាចទប់ទល់ជាមួយមេរោគកូវីដ-១៩ បំប្លែងខ្លួន ដូចជាប្រភេទដែលតា (Delta) ជាដើម។ ជាមួយគ្នានេះ អង្គការ GAVI (Global Alliance for Vaccination and Immunization) បានលើកឡើងដែរថា ដើម្បីឱ្យពិភពលោកទាំងមូលប្រកបដោយសុវត្ថិភាពពេញលេញ មនុស្សគ្រប់រូបត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយរាប់បញ្ចូលទាំងកុមារ និងយុវវ័យផងដែរ។
ឈរលើហេតុផលនេះហើយទើបនាំឱ្យកម្ពុជាដាក់ចេញផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ ដែលមានចំនួនប្រមាណ ២លាននាក់ បន្ថែមពីលើចំនួនប្រជាពលរដ្ឋវ័យ១៨ឆ្នាំឡើង ប្រមាណជា ១០លាននាក់។
នៅក្នុងផែនការសកម្មភាពសម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ និងយុវវ័យ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យនេះ នឹងក្លាយជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់រាជរដ្ឋាភិបាលក្នុងការពង្រីកវិសាលភាពគ្របដណ្តប់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបង្កើនការការពារអាយុជីវិតប្រជាពលរដ្ឋ និងឈានឆ្ពោះទៅបង្កើតភាពសុាំសហគមន៍នៅទូទាំងកម្ពុជាទាំងមូល។
សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ការសម្រេចចិត្តក្នុងការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យនេះ មិនមែនជាការសម្រេចចិត្តដោយចៃដន្យនោះទេ ព្រោះក្រៅពីគុណប្រយោជន៍ដែលទទួលបានដូចការបញ្ជាក់របស់អង្គការសុខភាពពិភពលោកហើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ និងយុវវ័យ ដែលកំពុងត្រូវបាន ឬគ្រោងអនុវត្ត នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដូចជា ប្រទេសចិន, សហរដ្ឋអាមេរិក, បណ្តាប្រទេសនៅទ្វីបអឺរ៉ុប ដូចជា អង់គ្លេស និងបារាំង និងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកដូចជា ជប៉ុន, ហុងកុង, សិង្ហបុរី, ឥណ្ឌូណេស៊ី និងហ្វីលីពីន ជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់នៅក្នុងផែនការសកម្មភាពចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យយ៉ាងដូច្នេះ «ការដាក់ចេញឱ្យអនុវត្តនូវផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ សំដៅបង្ការ និងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ នៅក្នុងចំណោមកុមារ-យុវវ័យ ព្រមទាំងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ឬការបាត់បង់អាយុជីវិត ដែលបណ្តាលមកពី ជំងឺវីដ-១៩។ លើសពីនេះទៀត ការវ៉ាក់សាំងអាចជួយការពារដល់កុមារ-យុវវ័យ ពីផលប៉ះពាល់អវិជ្ជមាន នៃការលូតលាស់ផ្នែកស្មារតី និងរាងកាយ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង ដោយជួយកុមារ-យុវវ័យ ឱ្យវិលត្រឡប់មករស់នៅប្រកបដោយសុវត្ថិភាពតាមគន្លងប្រក្រតីភាពថ្មី ជាពិសេសការវិលត្រឡប់ទៅកាន់ សាលារៀនវិញ ការជួបជុំមិត្តភក្តិ ការចូលរួមកម្មវិធីសំខាន់ៗ ដូចជាការហាត់ប្រាណ ការលេងកីឡា និងការ ប្រគំតន្ត្រី ជាដើម ដែលសុទ្ធតែជាសកម្មភាពសំខាន់ និងចាំបាច់ ក្នុងការរួមចំណែក ដល់ការលូតលាស់ផ្នែក ប្រាជ្ញាស្មារតី ផ្លូវការ ផ្លូវចិត្ត និងសុខុមាលភាពរបស់កុមារ-យុវវ័យ»។
យុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ដែលមានចំនួនប្រមាណ ២លាននាក់នេះ នឹងចាប់ផ្តើមចេញពីរាជធានីភ្នំពេញដំបូងគេ បន្ទាប់មកបន្តទៅខេត្តកណ្តាល ព្រះសីហនុ កោះកុង និងបណ្តាខេត្តដទៃទៀត។
សូមបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំនេះ ក៏មិនខុសពីការចាក់ជូនអ្នកមានអាយុ១៨ឆ្នាំឡើងនោះដែរ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត និងមិនបង់ថ្លៃ។ តែទោះបីការចាក់វ៉ាក់សាំងឈរគោលការណ៍ស្ម័គ្រក៏ដោយ ក៏រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យមាតា-បិតា និងអាណាព្យាបាលនាំបុត្រ-ធីតា ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ-យុវវ័យ និងការពារគ្រួសារពីការឆ្លងជំងឺកូវីដ-១៩ និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងករណីឆ្លងជំងឺកូវីដ-១៩។
យោងតាមផែនការសកម្មភាពចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យអាយុពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យនេះ ត្រូវបំពេញតាមលក្ខខណ្ឌដូចបានកំណត់ខាងក្រោមនេះ៖
១៖ កុមារ-យុវវ័យ ត្រូវមានអាយុគ្រប់ ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ នៅថ្ងៃដែលមកចាក់វ៉ាក់សាំង។
២៖ កុមារ-យុវវ័យ ដែលត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីមាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់ខ្លួន។
៣៖ ចំពោះកុមារ-យុវវ័យ ដែលកំពុងរស់នៅ ធ្វើការ ឬរៀនសូត្រនៅពេលបច្ចុប្បន្ន នៅក្នុងខេត្តផ្សេង ក្រៅពីខេត្តដែលឪពុក-ម្តាយ ឬអាណាព្យាបាលកំពុងរស់នៅ ឪពុក-ម្តាយ ឬអាណាព្យាបាល ត្រូវបំពេញលិខិតយល់ព្រមអនុញ្ញតឱ្យចាក់វ៉ាក់សាំង។
៤៖ កុមារ-យុវវ័យកំព្រាឪពុក-ម្តាយ ឬគ្មានអាណាព្យាបាល ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌល ដែលគ្រប់គ្រងដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬដោយអង្គការផ្សេងៗ ត្រូវបានការយល់ព្រមពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬពីអង្គការនោះ អនុលោមតាមអំណាចច្បាប់ ដែលមានប្រគល់ឱ្យ។
៥៖ កុមារ-យុវវ័យកំព្រាដែលគ្មានទីពឹង និងគ្មានផ្ទះសម្បែងរស់នៅពិតប្រាកដ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ត្រូវទទួលខុសត្រូវក្នុងការប្រមូលក្រុមនេះមកចាក់វ៉ាក់សាំង។
៦៖ នៅថ្ងៃមកចាក់វ៉ាក់សាំង មាតា-បិតា ឬអាណាព្យាបាលរបស់កុមារ-យុវវ័យ ត្រូវបង្ហាញ ឬបំពេញលិខិតយល់ព្រមអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ដល់មន្ត្រីគ្រប់គ្រងទីតាំងចាក់វ៉ាក់-សាំង។ នៅថ្ងៃមកចាក់វ៉ាក់សាំងមាតា-បិតា ឬអាណាព្យាបាលរបស់កុមារ-យុវវ័យ ត្រូវបង្ហាញ ឬបំពេញលិខិតយល់ព្រមអនុញ្ញតឱ្យចាក់វ៉ាក់សាំង ដល់មន្ត្រីគ្រប់គ្រងទីតាំងចាក់វ៉ាក់សាំង។
៧៖ នៅមុនពេលចាក់វ៉ាក់សាំង កុមារ-យុវវ័យ ត្រូវបានពិនិត្យសុខភាពយ៉ាងម៉ត់ចត់ និងត្រូវបានអនុញ្ញាតឱ្យចាក់ដោយគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង។ ដូច្នេះ ឪពុក-ម្តាយ ឬអាណាព្យាបាល ត្រូវបញ្ជាក់ប្រាប់អំពីលក្ខខណ្ឌសុខភាពរបស់កុមារ-យុវវ័យ ឱ្យបានច្បាស់ដល់គ្រូពេទ្យ ដែលមានភារៈកិច្ចពិនិត្យសុខភាពកុមារ-យុវវ័យនៅទីតាំងចាក់វ៉ាក់សាំង ឬក៏សុំការប្រឹក្សាយោបល់ លើបញ្ហាសំខាន់ៗផ្សេងទៀតៗ ដែលទាក់ទងនឹងចាក់វ៉ាក់សាំងនេះ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាពេលកន្លងទៅ បានគូសបញ្ជាក់ថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញ សម្រាប់កូនៗរបស់មន្ត្រីរាជការតាមក្រសួងស្ថាប័នរដ្ឋនានា នឹងត្រូវធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យគន្ធបុប្ផា, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យព្រះអង្គឌួង។
ដោយឡែកកូនចៅប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ អាចស្វែងរកការចាក់វ៉ាក់សាំង នៅតាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមសង្កាត់ និងខណ្ឌ ដែលខ្លួនរស់នៅ៕