(កណ្ដាល)៖ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រោយចុះសិក្សាមើលទៅលើស្ថានភាពជាក់ស្ដែង នៃផ្លូវមួយខ្សែរត្រូវបានកាយផ្ដាច់ដោយលោក ចាន់ វិទូ នោះរួចមក អាជ្ញាធររកឃើញថា ដីផ្លូវមួយចំណែកស្ថិតក្នុងប័ណ្ណកម្មសិទ្ធិរបស់ ចាន់ វិទូ ហើយមួយចំណែកទៀតស្ថិតនៅលើដីសាធារណ: ខណ:ដែលលោកកំពុងសិក្សារកដំណោះស្រាយឈ្នះឈ្នះ ដើម្បីបញ្ចៀសការកកើតទំនាស់ទៅថ្ងៃខាងមុខ។
ការចុះទៅដោះស្រាយនេះ ក្រោយពលរដ្ឋប្រមាណជា១៤៣នាក់ នៅក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ កាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានដាក់លិខិតប្ដឹងចូលសាលាឃុំឈើទាល និងប្ដឹងចូលសាលាស្រុក លើករណីថៅកែខ្សាច់យីហោពូទីន ឈ្មោះ ចាន់ វិទូ ជាមន្ត្រីនគរបាលជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃបានកាយផ្ដាច់ផ្លូវសាធារណ:របស់ពលរដ្ឋដែលមានតាំងពីដូនតាមក។
ស្ថិតនៅក្នុងឱកាសចុះដោះស្រាយដោយផ្ទាល់នេះដែរ លោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តថា ផ្លូវនេះចូលដីកម្មសិទ្ធិរបស់គេខ្លះ ហើយលោកឲ្យក្រុមការងារសិក្សា ពីចំណុចពិតប្រាកដថា ដីរបស់កម្មសិទ្ធិគេមានទំហំប្រវែងប៉ុណ្ណា ហើយលោកនឹងសុំគោលការណ៍ទៅអភិបាលខេត្តកណ្ដាលបន្ត ដើម្បីធ្វើផ្លូវបន្តណាមួយដល់ប្រជាពលរដ្ឋ។
សូមរម្លឹកថា អំឡុងពេលតវ៉ា លោក ផាន់ ផានី តំណាងប្រជាពលរដ្ឋចំនួន១៤៣នាក់ នៅក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ បានឱ្យដឹងថា ផ្លូវនេះគឺពួកគាត់ប្រើប្រាស់សម្រាប់ធ្វើដំណើរទៅនេសាទត្រី ដកព្រលឹត ដកក្រអៅឈូក បេះត្រកួន និងស្លឹកឈូកនៅបឹងធំ ព្រមទាំងធ្វើដំណើរទៅកាន់ទីសក្ការៈបូជាកំពង់រទេះ កោះលៀស និងកោះស្លែងអណ្តែត តតាំងពីដូនតាមកម្លេះ។
លោកថាកន្លងមក ដោយសារតែឃើញផ្លូវនេះទាបលិចទឹក ពិបាកធ្វើដំណើរក៏មានសប្បុរជន បានជួយចេញប្រាក់ដើម្បីចាក់ដីបំពេញ ស្រួលធ្វើដំណើរ ធ្វើឱ្យពួកគាត់សប្បាយចិត្តណាស់។ ប៉ុន្តែស្រាប់តែកាលពីថ្ងៃទី១៩ កក្កដា កន្លងទៅនេះ លោក ចាន់ វិទូ ដែលជាម្ចាស់អាជីវកម្មបូមខ្សាច់ នៅក្បែរផ្លូវមួយខ្សែនេះ បានបញ្ជារឱ្យកូនចៅយកអេស្កាវ៉ាកាយផ្តាច់ផ្លូវនេះធ្វើឱ្យពួកគាត់មិនអាចដំណើរបាន ទើបបានជាពួកគាត់ដាក់ពាក្យបណ្តឹង ទៅកាន់សាលាឃុំឈើទាល និងសាលាស្រុកកៀនស្វាយ ហើយលើកគ្នាធ្វើការតវ៉ាយ៉ាងដូច្នេះ ព្រោះបើផ្លូវនេះត្រូវកាត់ផ្តាច់ ពួកគាត់គ្មានផ្លូវសម្រាប់ធ្វើដំណើរទៅបឹងប្រកបរបរចិញ្ចឹមជីវិត និងមិនអាចទៅកាន់ទីសក្ការៈបូជា បានឡើយ ដូច្នេះ សូមថ្នាក់លើមេត្តាអន្តរាគមន៍ឱ្យឈ្មួញកាយលុបផ្លូវឱ្យបានដូចដើមវិញផង។
ជុំវិញបញ្ហានេះ លោកចាន់ វិទូ មិនអាចស្នើរការសម្ភាសន៍បានឡើយដោយសារលោកបានចុចបិទទូរស័ព្ទនៅពេលដែលភ្នាក់ងារ Fresh News ព្យាយាមទាក់ទងលោកតាមប្រព័ន្ធទូរស័ព្ទ។ ដោយឡែកសំរាប់បុរសម្នាក់អះអាងថា ជាមេការរបស់លោកចាន់ វិទូ ដោយពុំបញ្ចេញឈ្មោះ បាននិយាយថា ដីនេះជារបស់មេខ្លួន ហើយមានប្លង់កម្មសិទ្ធិត្រឹមត្រូវ៕