(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹង វិធានការបិទខ្ទប់តាមបណ្ដាលច្រកព្រំដែន កម្ពុជា-ថៃ ទិសទី១ ខេត្តបន្ទាយមានជ័យ។
ការអំពាវនាវនេះ បានធ្វើងឡើងខណៈលោកឧត្តមសេនីយ៍ រួមជាមួយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យស្ថានភាពតាមព្រំដែន។
ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនេះ លោកឧត្តមសេនីយ៍ទោ បានអំពាវនាវឲ្យកងកម្លាំង អនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ក្នុងការបិទខ្ទប់តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ សំដៅទប់ស្កាត់ការឆ្លងរីករាល ដាលនូវជំងឺកូវីដ-១៩ ប្រភេទដែលតា ឲ្យបានម៉ឺងម៉ាត់។
លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានសូមអំពាវនាវដល់បងប្អូន ដែលជាពលករធ្វើការនៅប្រទេសថៃ សូមមេត្តាកុំធ្វើដំណើរឆ្លងដែនមកប្រទេសកម្ពុជា ក្នុងដំណាក់កាលនេះព្រោះវាអាចបង្កឱ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រភេទ «ដែលតា» ចូលខ្លួនយើង និងក្រុមគ្រួសារយើង ហើយពេលនេះប្រទេសកម្ពុជាកំពុងអនុវត្តនូវវិធានការរបស់ប្រមុខរដ្ឋាភិបាល ក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ ក្នុងរយៈពេលខ្លីដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលកម្ពុជាយើង។
លោកថា «សូមបងប្អូនទ្រាំលំបាកមួយរយៈពេលខ្លីដើម្បីខ្លួនយើង ដើម្បីក្រុមគ្រួសារយើង និងដើម្បីកម្ពុជាយើងឆ្លងផុតពីការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងដំណាក់កាលនេះ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។
យោងតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។
ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕