(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារមន្ទីរស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យទីតាំងចំនួន៣ កន្លែងក្នុងស្រុក-ក្រុងចំនួន៣ ដើម្បីធ្វើមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែម ខណៈរកឃើញអ្នកវិជ្ជមានកូវីដ១៩ និងអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។
ទីតាំងទាំង៣កន្លែងដែលអាជ្ញាធរខេត្ត បានចុះពិនិត្យនោះរួមមាន៖ ១កន្លែងនៅក្នុងក្រុងកំពង់ចាម, ១កន្លែង នៅស្រុកកងមាស និង១កន្លែងទៀត នៅក្នុងស្រុកកំពង់សៀម។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ចំណុចទី១ ឃ្លាំងនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម ធ្វើជាមណ្ឌលចត្តាឡីស័ក អាចដាក់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កក្នុងរង្វង់ពី៨០០ ទៅ១០០០នាក់។ ចំណុចទី២ ឃ្លាំងនៅក្នុងស្រុកកងមាស និងធ្វើជាមណ្ឌលចត្តាឡីស័ក និងអាចដាក់ប្រជាពលរដ្ឋ ធ្វើចត្តាឡីស័កក្នុងរង្វង់ពី៨០០ ទៅ ១,០០០នាក់ ផងដែរ។ ដោយឡែកឃ្លាំងនៅចំណុចទី៣ ស្ថិតក្នុងស្រុកកំពង់សៀម ឃ្លាំងនោះត្រៀមរៀបចំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលអាចផ្ទុកអ្នកជំងឺបានក្នុងរង្វង់ជិត ១,០០០នាក់ផងដែរ ។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់តាំងពីការគម្រាមកំហែង ដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណីឆ្លងសរុប ចំនួន ៣,៨៩០ករណី ស្រី ២,៤៨៥នាក់ ជាសះស្បើយ ២,៩៣៧នាក់ ស្រី ១,៩៩៨នាក់ និងករណីស្លាប់ ៨៩នាក់ ស្រី៦០នាក់។ បច្ចុប្បន្ន អ្នកឆ្លង និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៦៤នាក់៕