(ភ្នំពេញ)៖ ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានពេលទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋតាមផែនការកំណត់ ទាំងកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក៏ដូចជាអ្នកមានអាយុ ១៨ឆ្នាំឡើង។
ក្នុងបទសម្ភាសន៍នេះ លោកស្រី យក សម្បត្តិ បានអះអាងថា ទាំងវ៉ាក់សាំងដែលបានដឹកមកដល់កម្ពុជារួចរាល់ និងវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញរួចហើយនោះ គឺកម្ពុជាមានវ៉ាក់សាំងសរុបរហូតដល់ប្រមាណ ២៦លានដូស។
វ៉ាក់សាំងកូវីដ១៩ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការពារសុខភាពប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបប្រមាណ ១៩លានដូសហើយ។
ក្នុងនោះវ៉ាក់សាំងជំនួយរបស់ចិន មានចំនួន ២.២លានដូស, វ៉ាក់សាំងជំនួយរបស់កូវ៉ាក់ ៣២៤,០០០ដូស, វ៉ាក់សាំងជំនួយរបស់ជប៉ុន ៣៣២,០០០ដូស, វ៉ាក់សាំងជំនួយរបស់សហរដ្ឋអាមេរិក តាមកូវ៉ាក់ ៥០ម៉ឺនដូស និងវ៉ាក់សាំងដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីប្រទេសចិន មានប្រមាណជា ១៥.៥លានដូស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រៅតែពីការប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងហើយនោះ បានដាក់ចេញបទបញ្ជាដាច់ណាត់ឱ្យយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ពោលមិនត្រូវឱ្យវ៉ាក់សាំងនៅក្នុងស្តុកនោះឡើយ គឺត្រូវតែនៅក្នុងខ្លួនប្រជាពលរដ្ឋ។
លោកស្រី យក សម្បត្តិ បានអះអាងថា វ៉ាក់សាំងទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំចាត់ចែងបញ្ចេញទៅចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានារួចរាល់ផងដែរ។
គិតត្រឹមថ្ងៃទី៣០ ខែកកក្កដា ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសកំពុងរស់នៅ និងធ្វើការនៅកម្ពុជាសរុបជាង ៧.២លាននាក់ ស្មើនឹងជាង ៧២ភាគរយហើយ បានចាក់វ៉ាក់សាំងរួចរាល់។ ការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុ ១៨ឆ្នាំឡើង ដែលមានប្រមាណជា ១០លាននាក់ ត្រូវបានរាជរដ្ឋាភិបាលគ្រោងនឹងចាក់ឱ្យចប់សព្វគ្រប់នៅចុងឆ្នាំ២០២១នេះ។
ទន្ទឹមនឹងការចាក់ជិតរួចរាល់សម្រាប់អ្នកអាយុ ១៨ឆ្នាំឡើងហើយនោះ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ក៏បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំផងដែរ។
សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជា មានវ៉ាក់សាំងចំនួន៤ប្រភេទ ដែលកំពុងចាក់ជូនប្រជាពលរដ្ឋ រួមមានៈ ស៊ីណូហ្វាម, ស៊ីណូវ៉ាក់, អាស្ត្រាហ្សេនីកា និង ចនសុនចនសុន។ ក្នុងបទសម្ភាសន៍ព្រឹកមិញនេះ លោកស្រី យក់ សម្បត្តិ ក៏បានផងដែរ កុំឱ្យមានការបែងចែកវ៉ាក់សាំងនេះល្អ ឬមិនល្អ។
លោកស្រី បានបញ្ជាក់ថា វ៉ាក់សាំងទាំង៤ប្រភេទនេះ ត្រូវបានបញ្ជាក់ដោយអង្គការសុខភាពពិភពលោកមានគុណភាពដូចៗគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកស្រី បានរំលឹកប្រជាពលរដ្ឋផងដែរថា ទោះបានចាក់វ៉ាក់សាំងហើយ ក៏មិនអាចទប់ទល់ជំងឺកូវីដ១៩ ហើយបំភ្លេចចោលការអនុវត្តន៍វិធានការនានារបស់សុខាភិបាល។ ជាពិសេស «៣កុំ និង៣ការពារ» នោះឡើយ៕