(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការពន្យាពេល ក្នុងការដាក់របាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២០ ដែលរងសវនកម្មរួចតាមប្រព័ន្ធអនឡាញ សម្រាប់សហគ្រាសជាប់កាតព្វកិច្ច។
សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ មានសហគ្រាសជាច្រើន បានបំពេញកាតព្វកិច្ចរួចរាល់ ក្នុងការដាក់បញ្ចូន របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២០ ដែលរងសវនកម្មរួចមក និយ័តករគណនេយ្យនិងសវនកម្ម។
ទន្ទឹមនឹងនេះ ក៏មានសហគ្រាសមួយចំនួន បានចូលប្រើប្រាស់ប្រព័ន្ធ E-Filing ដើម្បីដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២០ ដែលរងសវនកម្មរួច ប៉ុន្តែមិនទាន់បានបញ្ចប់នីតិវិធីស្ថាពរនៅឡើយ ត្រូវការពេលវេលាបន្ថែម។
លើសពីនេះ ក៏មានសហគ្រាសមួយចំនួនផ្សេងទៀត មិនអាចចូលប្រើប្រាស់ប្រព័ន្ធ E-Filing បាននៅឡើយដោយសារបញ្ហាបណ្តាញ Network របស់សហគ្រាសនិងប្រព័ន្ធ E-Filing របស់និយ័តករគណនេយ្យនិងសវនកម្ម មិនទាន់អាចដំណើរការបានរលូននៅឡើយ។
ដោយពិនិត្យឃើញបញ្ហាជាក់ស្តែង ដូចបានរៀបរាប់ខាងលើ និយ័តករគណនេយ្យនិងសវនកម្ម សូមធ្វើការផ្តល់ ពេលវេលាបន្ថែមជូនសហគ្រាស ក្នុងការងារដាក់បញ្ចូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ដែលរងសវនកម្មរួច តាមពេលវេលាកំណត់ដូចខាងក្រោម៖
១៖ ត្រឹមថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២១៖ សម្រាប់សហគ្រាសដែលបានចូលប្រើប្រាស់ប្រព័ន្ធរួចហើយ និងត្រូវការពេលវេលាបន្ថែមដើម្បីបញ្ចប់នីតិវិធី។
២៖ ត្រឹមថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១៖ សម្រាប់សហគ្រាសដែលបាននិងកំពុងជួបបញ្ហាបច្ចេកទេស ដែលមិនទាន់អាចចូលប្រើប្រាស់ប្រព័ន្ធ E-Filing បាន។ ក្នុងរយៈពេលនេះក្រុមការងារបច្ចេកទេសរបស់និយ័តករគណនេយ្យ និងសវនកម្ម នឹងធ្វើការបន្ថែមដើម្បីជួយដោះស្រាយបញ្ហារបស់សហគ្រាសទាំងនោះ។
ដោយឡែក សហគ្រាសដែលទទួលបានការអនុញ្ញាត ឲ្យបញ្ចប់ការងារធ្វើសវនកម្មឯករាជ្យ និងបោះផ្សាយមតិសវនកម្មឯករាជ្យ ត្រូវអនុវត្តតាមកាលបរិច្ឆេទ ដែលបានកំណត់នៅក្នុងលិខិតឆ្លើយតបរបស់ និយ័តករគណនេយ្យ និងសវនកម្ម។
ការខកខានមិនបានដាក់របាយការណ៍ហិរញ្ញវត្ថុដែលរងសវនកម្មរួច មកនិយ័តករគណនេយ្យនិងសវនកម្ម តាមកាលបរិច្ឆេទកំណត់ខាងលើ ជាកម្មវត្ថុនៃការពិន័យ អន្តរការណ៍ ដូចបានកំណត់នៅក្នុងអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើស ទៅនឹងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម៕