(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ លោក ស្រី ចំរើន តំណាងក្រុមយុវជន និងនិស្សិតមកពីសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ បានដាក់ញត្តិស្នើសុំជូនលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា (ទទួលបន្ទុក សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា) ដើម្បីស្នើសុំពន្លឿន និងជំរុញការកោះហៅលោក កឹម សុខា ចូលខ្លួនបំភ្លឺ ជុំវិញខ្សែអាត់សម្លេងអសីលធម៌ តាមនិតិវិធីរបស់រដ្ឋសភា។
សូមជំរាបថា នៅថ្ងៃម្សិលមិញ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឱ្យបើកកញ្ចប់ឯកសារ នៃការប្រកាសទ្រព្យសម្បត្តិរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដើម្បីស្រាវជ្រាវ «រឿងពុករលួយ» បន្ទាប់ពីលទ្ធផលនៃការធ្វើ កោសល្យវិច្ច័យលើសំឡេងខ្សែអាត់ ដែលផ្តល់ដោយក្រុមនិស្សិតបង្ហាញថា ជាសំឡេងពិតរបស់ លោក កឹម សុខា និងស្រ្តីវ័យក្មេងម្នាក់ឈ្មោះ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ យ៉ាងពិតប្រាកដ៕