Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រុសស្រី៣៤នាក់ និងគ្រឿងញៀនជិតកន្លះគីឡូក្រាម ត្រូវអាវុធហត្ថបង្ក្រាប និងឃាត់ខ្លួនតាមផ្ទះសំណាក់ ក្នុងខណ្ឌដូនពេញ

25-03-2016 08:55

(ភ្នំពេញ)៖​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថខណ្ឌដូនពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធី ដោយលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានបើកកិច្ចប្រតិបត្តិការ  ចុះបង្ក្រាបផ្ទះសំណាក់ និងកន្លែងចែកចាយ ប្រើប្រាស់គ្រឿងញៀន២ទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យចែកចាយ និងប្រើប្រាសគ្រឿងញៀន៣៤នាក់ ក្នុងនោះមានម្ចាស់ផ្ទះសំណាក់ និងអ្នកមើលការខុសត្រូវ២នាក់ទៀត និងវត្ថុតាងថ្នាំញៀន ជិតកន្លះគីឡូក្រាម។

ការចុះបង្ក្រាបទីតាំងទី១ ធ្វើឡើងនាម៉ោង១១យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងក្រោយផ្ទះសំណាក់ស្រែលាភ ជាប់ផ្លូវរទះភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ឃាត់ខ្លួនបាន១៥នាក់ ក្នុងនោះស្រី៥នាក់ ថ្នាំញៀនប្រភេទម៉ាទឹកកក៤២កញ្ចប់តូច និងវត្ថុតាងប្រើប្រាស់ មួយចំនួន។

ចំ​ណែកទីតាំងទី២វិញ គឺបង្ក្រាបម៉ោង១៖៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមីនា នៅចំណុចផ្ទះសំណាក់ផ្កាយ៩ តាមបណ្តោយផ្លូវលេខ៨១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីប្រើប្រាស និងចែកចាយ១៩នាក់ ក្នុងនោះមានម្ចាស់ផ្ទះ និងអ្នកមើលការខុសត្រូវ២នាក់ ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់តូចធំ រួមនិងវត្ថុតាងប្រើប្រាស់មួយចំនួន។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប ទីតាំង២កន្លែងខាងលើនេះ គឺកម្លាំងបានធ្វើការស្រាវជ្រាវអស់រយៈពេល ជាច្រើនថ្ងៃ និងយ៉ាងម៉ត់ចត់ ទើបឈានដល់ការចុះបង្ក្រាបជាក់ស្តែងតែម្តង។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំ និងកសាងសំណុំទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕