(ភ្នំពេញ)៖ ធនាគារ ANZ Royal បានប្រកាសក្នុងថ្ងែនេះ ថាខ្លួនត្រូវទទួលស្គាល់ដោយ ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ (Global Finance) ជា «ធនាគារផ្តល់ហិរញ្ញប្បទាន ពាណិជ្ជកម្មល្អបំផុត ប្រចំាប្រទេសកម្ពុជា (Best Trade Finance Bank)» ក្នុងឱកាសផ្តល់រង្វាន់សម្រាប់ «អ្នកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ល្អបំផុតក្នុងពិភពលោកក្នុងឆ្នាំ ២០១៦»។
អគ្គនាយកប្រតិបត្តិធនាគារ ANZ Royal លោក Grant Knuckey បានឲ្យដឹងថា «នេះគឺជាឆ្នាំទីពីរហើយ ដែលធនាគារ ANZ Royal ទទួលបានពានរង្វាន់កិត្តិយសនេះ ដែលទទួលស្គាល់ភាពជំនាញ របស់ក្រុមការងាររបស់ធនាគារ ក្នុងការផ្តល់សេវាកម្ម ហិរញ្ញប្បទានពាណិជ្ជកម្ម។ នេះក៏បានសបញ្ជាក់ឲ្យឃើញច្បាស់ អំពីសេចក្តីទុកចិត្ត ដែលអតិថិជនរបស់យើង មានចំពោះសេវាកម្មធនាគាររបស់យើងខ្ញុំ ស្របពេលដែលយើងខ្ញុំកំពុងនឹងបន្ត និងពង្រីកសក្តានុពល ក្នុងវិស័យធនាគារ ក្នុងគោលបំណងរក្សានូវកេរ្តិ៍ឈ្មោះ ជាធនាគារល្អសម្រាប់ ជាជម្រើសដល់អតិថិជនរបស់យើង»។
លោក Knuckey បន្តថា ជាមួយបណ្តាញដ៏ធំទូលាយគ្របដណ្តប់ ទីផ្សារចំនួន ៣៤ប្រទេស ដែលមានបណ្តាអ្នកឯកទេសពាណិជ្ជកម្ម យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្សារភ្ជាប់ និងពង្រឹងទំនាក់ទំនងអតិថិជនរបស់យើង។ ដូចគ្នាផងដែរវត្តមានដ៏ជាក់លាក់ ក្នុងតំបន់អាស៊ី ជាអត្ថប្រយោជន៍មួយដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍ និងវិនិយោគសម្រាប់អនាគត។
ឆ្នាំនេះធនាគារ ANZ នៅប្រទេសអូស្រ្តាលី នូវែលហ្សេឡង់ និងវៀតណាម ក៏បានទទួលស្គាល់ជាធនាគារ ផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ល្អបំផុតពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ (Global Finance) ផងដែរ។
ក្រុមប្រឹក្សាត្រួតពិនិត្យ នៃទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ (Global Finance) បានជ្រើសរើសអ្នកផ្តល់ហិរញ្ញប្បទាន ពាណិជ្ជកម្មល្អបំផុត ដោយផ្អែកលើការចូលរួម យោបល់ពីអ្នកវិភាគក្នុងឧស្សាហ៍កម្ម ថ្នាក់ដឹកនំាក្រុមហ៊ុន ផ្សេងៗ និងអ្នកឯកទេសលើបច្ចេកវិទ្យា។
លើសពីនេះទៅទៀត ក៏មានការបោះឆ្នោតជ្រើសរើស ពីសំណាក់ក្រុមអ្នកអានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ (Global Finance) ត្រូវបានធ្វើទ្បើង ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងជឿជាក់ ទៅលើលទ្ធផល។ កត្តាសម្រាប់ជ្រើសរើសជយលាភី ក៏បានរួមបញ្ចូលនូវ៖ ទំហំប្រតិបត្តិការ ការគ្របដណ្តប់បណ្តាញជាសកល សេវាកម្មសម្រាប់អតិថិជន តម្លៃ និងភាពច្នៃប្រឌិតផ្នែកប្រព័ន្ធបច្ចេកវិទ្យា។ រង្វាន់នេះបានក្លាយជាបទដ្ឋាន នៃទំនុកចិត្តសម្រាប់ឧត្តមភាព នៃសហគមន៍ហិរញ្ញវត្ថុពិភពលោក។
ធនាគារ ANZ Royal គឺជាធនាគារមួយ ក្នុងចំណោមធនាគារថ្នាក់អន្តរជាតិដំបូងគេ ដែលបានចាប់ផ្តើមប្រតិបត្តិការ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៥ ។ ស្លាកសញ្ញាអាជីវកម្ម ANZ បានផ្តល់សេវាកម្មដល់អតិថិជនបុគ្គល ឥណទានអ្នកប្រើប្រាស់ សម្ព័ន្ធអតិថិជនសាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលផងដែរ។
ធនាគារ ANZ Royal ក៏ធ្លាប់ទទួលបានពានរង្វាន់ «ធនាគារឆ្នើមប្រចាំឆ្នាំ (Bank of the Year) ដោយទស្សនាវដ្តី Banker's Magazine ក្នុងបីឆ្នាំផ្សេងៗគ្នា និងទទួលបានពានរង្វាន់ «ធនាគារអន្តរជាតិ ដែលមានការអនុវត្តលេចធ្លោជាងគេ (Most Outstanding Performing Foreign Bank) ពីរឆ្នាំជាប់ៗគ្នា ពីកម្មវិធីពានរង្វាន់ធនាគារ និងស្ថាប័នម៉ាក្រូហិរញ្ញវត្ថុកម្ពុជា ។ ធនាគារ ANZ Royal ក៏ធ្លាប់បានទទួលរង្វាន់ «ពុទ្ធិហិរញ្ញវត្ថុច្នៃប្រឌិត (Financial Insights Innovation Award) ពីវិទ្យាស្ថានពុទ្ធិហិរញ្ញវត្ថុ អាស៊ីប៉ាស៊ីហ្វិក (Financial Insights Asia Pacific Group)៕