(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលតាមច្រកទ្វារ ព្រំដែនទាំង៣ក្នុងភូមិសាស្ត្រខេត្ត ដែលជាប់ជាមួយខេត្តបុរីរាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ប្រទេសថៃ ព្រមទាំងសួរសុខទុក្ខ និងនាំអំណោយជូនកងកម្លាំងដែលឈរជើងនៅតាមមាត់ច្រកទ្វារព្រំដែនផងដែរ។
សូមបញ្ជាក់ថា ច្រកព្រំដែនទាំង៣របស់ខេត្តឧត្តរមានជ័យ រួមមាន៖ ច្រកព្រំអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនជប់គគី ស្ថិតក្នុងស្រុកបន្ទាយអំពិល ត្រូវបានបិទបណ្តោះអាសន្ន កាលពីពាក់កណ្តាលយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងទិសដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
នៅក្នុងឱកាសចុះត្រួតពិនិត្យមើលការបិទច្រកព្រំដែនទាំង៣ ដែលជាប់ជាមួយប្រទេសថៃនាពេលនោះ លោក ប៉ែន កុសល្យ បានដាក់បទបញ្ជាដល់សមត្ថកិច្ច និងកងកម្លាំង ដែលឈរជើងនៅតាមច្រកទ្វារព្រំដែននីមួយៗ ត្រូវអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ១៩ ប្រភេទដែលតា (Delta) ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺនេះក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។
លោកអភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា ការបិទព្រំដែនជាបណ្តោះអាសន្ននេះ គឺសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរ មានសមត្ថកិច្ច ដូចជា ករណីអ្នកជំងឺត្រូវបញ្ជូនសង្គ្រោះបន្ទាន់ ទើបអាចធ្វើដំណើរបាន។
លោក ប៉ែន កុសល្យ ក៏បានណែនាំ និងដាស់តឿនដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ពិសេសតហរូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ សហគមន៍ និងអង្គភាពរបស់យើងពីជំងឺកូវីដ១៩៕