(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តក្រចេះមួយចំនួននៅតែប្រមូលផ្តុំគ្នាលេងល្បែង ដោយមិនខ្លាចរអាចំពោះការរីករាលដាលជំងឺកូវីដ១៩នោះឡើយ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅក្នុងភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ បានរាយការណ៍មកកាន់ Fresh News នូវទង្វើផ្គើនមួយចំនួនរបស់ប្រជាពលរដ្ឋក្នុងភូមិ ប្រមូលផ្តុំគ្នាលេងល្បែង ដែលជាមូលហេតុមួយប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ប្រជាពលរដ្ឋក្នុងភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះនេះ បានរកឃើញ៣នាក់ហើយកើតជំងឺកូវីដ១៩។ ក្នុងចំណោមពួកគេនោះ ត្រូវបានគេរាយការណ៍ថា មានអ្នកដែលចូលចិត្តលេងល្បែងស៊ីសងផងដែរ។
ក្រោយទទួលបានសេចក្តីរាយការណ៍នេះភ្លាម លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជា និងណែនាំទៅកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលឃុំសណ្តាន ដើម្បីចុះស្វែងរកអ្នកប្រមូលផ្តុំគ្នាលេងល្បែងនេះ។
កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសណ្តាន់ សហការជាមួយប្រជាការពារ បានចុះទៅដល់ផ្ទះឈ្មោះ ពុជ លីម៉ា ភេទស្រី អាយុ ២៨ឆ្នាំ ដោយបានណែនាំ និងអប់រំកុំឱ្យមានការប្រមូលផ្តុំ និងឈប់លេងល្បែងស៊ីសង។
កម្លាំងនគរបាលប៉ុស្តិ៍ ក៏បានណែនាំពួកគេឱ្យយល់ពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ និងត្រូវចូលរួមអនុវត្តន៍តាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេស «៣កុំ និង៣ការពារ»។
ក្រៅតែពីនៅក្នុងភូមិធំ និងតាមបណ្តាភូមិ ក្នុងឃុំ និងស្រុកនានាផ្សេងទៀត ក៏មានសេចក្តីរាយការណ៍ផងដែរថា នៅតែមានប្រជាពលរដ្ឋលួចប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងនានា ដែលនាំឱ្យមានក្តីបារម្ភនូវការរីករាលដាលជំងឺកូវីដ១៩។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាក់ថា កម្លាំងនគរបាលតែងតែចុះអប់រំ និងណែនាំកុំឱ្យប្រជាពលរដ្ឋប្រមូលផ្តុំ ឬលេងល្បែងស៊ីសង ដែលផ្ទុយទៅនឹងច្បាប់ ជាពិសេសប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។ តែដោយសារកម្លាំងនគរបាលនៅតាមឃុំនីមួយៗមានចំនួនតិច ហើយប្រជាពលរដ្ឋតែងលួចប្រមូលផ្តុំគ្នាលេងតាមទីតាំងលាក់កំបាំងជាហេតុនាំឱ្យលំបាកក្នុងការតាមរកពួកគេ។
លោកស្នងការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរាយការណ៍ទៅកាន់កម្លាំងនគរបាលនៅតាមមូលដ្ឋាននៅពេលឃើញមានការប្រមូលផ្តុំលេងល្បែងស៊ីសង ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕