(ភ្នំពេញ)៖ ជាង២០ឆ្នាំមកនេះ រាជរដ្ឋាភិបាលជប៉ុន បានជួយមន្ត្រីវ័យក្មេងនៃរាជរដ្ឋាភិបាលកម្ពុជា ជាង៤៨០នាក់ បន្តរៀនថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
ការបញ្ជាក់ខាងលើ បានបង្ហាញឡើង ក្នុងឱកាសដែលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Kamei Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង អាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS) ដែលមានទឹកប្រាក់ចំនួន ៣៦២លានយ៉េនជប៉ុន (ស្មើប្រមាណ ៣.៣លានដុល្លារអាមេរិក) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្មវិធីអាហារូបកណ៍ JDS បានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ២០០០ ហើយអស់រយៈពេលជាង ២០ឆ្នាំមកនេះ មានមន្ត្រីវ័យក្មេងជាង ៤៨០នាក់ បានទទួលអាហារូបករណ៍បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតក្នុងប្រទេសជប៉ុន»។
គម្រោង JDS មានគោលបំណងជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងរបស់ រាជរដ្ឋាភិបាលដែលរំពឹងថានឹងចូលរួមបង្កើត និងអនុវត្ត ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងដើរតួជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសង្គមកម្ពុជា ហើយគម្រោងមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងមនុស្សតាមរយៈសកម្មភាពសិក្សា សកម្មភាពសង្គម និងបទពពិសោធន៍ក្នុងប្រទេសជប៉ុន។ កិច្ចព្រមព្រៀងថ្មីនេះ នឹងផ្តល់ឱកាសដល់មន្ត្រីកម្ពុជា ចំនួន២៦ នាក់ទៅសិក្សានៅប្រទេសជប៉ុននារដូវក្តៅ ក្នុងឆ្នាំ២០២២។
គម្រោងនេះពិតជាសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ដើម្បីឈានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា។ អតីតនិស្សិត JDS ជាច្រើនបានក្លាយជាមន្ត្រីជាន់ខ្ពស់បម្រើការងារក្នុងក្រសួងនានាក្នុងប្រទេសកម្ពុជា៕