(ភ្នំពេញ)៖ សាធារណរដ្ឋកោះម៉ាស្សាល់ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយជាម៉ាសចំនួន១លានម៉ាស ដើម្បីសម្រាប់ប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាលត្បាតជំងឺកូវីដ១៩ នៅកម្ពុជា។
ពិធីប្រគល់-ទទួល បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក Richmond GUAN ទីប្រឹក្សាពិសេសនៃអគ្គកុងស៊ុល សាធារណរដ្ឋកោះម៉ាស្សាល់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនកោះម៉ាស្សាល់ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកោះម៉ាស្សាល់ គឺជាកាយវិការនៃប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែង រួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានកាន់តែចាប់រហ័ស៕