(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើ កុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ សំដៅបង្ការ និងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ នៅក្នុង ចំណោមកុមារ-យុវវ័យ ព្រមទាំងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ឬការបាត់បង់អាយុជីវិត ដែលបណ្តាលមកពី ជំងឺកូវីដ-១៩។
តាមផែនការសកម្មភាពចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ការវ៉ាក់សាំងអាចជួយការពារដល់កុមារ-យុវវ័យ ពីផលប៉ះពាល់អវិជ្ជមាន នៃការលូតលាស់ផ្នែកស្មារតី និងវាងកាយ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង ដោយជួយកុមារ-យុវវ័យ ឱ្យវិលត្រឡប់មករស់នៅប្រកបដោយសុវត្ថិភាពតាមគន្លងប្រក្រតីភាពថ្មី ជាពិសេសការវិលត្រឡប់ទៅកាន់ សាលារៀនវិញ ការជួបជុំមិត្តភក្តិ ការចូលរួមកម្មវិធីសំខាន់ៗ ដូចជាការហាត់ប្រាណ ការលេងកីឡា និងការ ប្រគំតន្ត្រី ជាដើម ដែលសុទ្ធតែជាសកម្មភាពសំខាន់ និងចាំបាច់ ក្នុងការរួមចំណែក ដល់ការលូតលាស់ផ្នែក ប្រាជ្ញាស្មារតី ផ្លូវការ ផ្លូវចិត្ត និងសុខុមាលភាពរបស់កុមារ-យុវវ័យ។
តាមរយៈផែនការសកម្មភាពនេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានដឹកនាំ និងរៀបចំចាត់ចែងយុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងបានសំដែងនូវការកោតសរសើរចំពោះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ នៃក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ព្រមទាំង គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចដំណើរការចាក់វ៉ាក់សាំង បង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា។
ទន្ទឹមគ្នានេះ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃអនុ- គណៈកម្មការផែនការនិងថវិកានីយកម្ម នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី៥-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស ដែលបានរៀបចំ ផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ ដ៏សំខាន់នេះ និងចំពោះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូដ-១៩ នៃក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានផ្តល់យោបល់ និងកិច្ចសហការក្នុងការរៀបចំឯកសារផែនការនេះផងដែរ។
សូមបញ្ជាក់ថា ដើម្បីឲ្យទាន់សភាពការណ៍នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ពីអាយុ១២ឆ្នាំ ដល់ អាយុ១៧ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ១២-១៧ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១តទៅទៅ៕