(កំពង់ឆ្នាំង)៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលរបស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានចុះចាក់ថ្នាំបង្ការជំងឺដល់សត្វគោ និងក្របី របស់ប្រជាពលរដ្ឋដែលកំពុងរងនូវជំងឺដុំពក នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកបរិបូរណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ការចុះចាក់ថ្នាំបង្ការ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២១។
អនុប្រធានការិយាល័យលទ្ធកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ហ៊ុន លី បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ នៅតាមបណ្ដាឃុំមួយចំនួន ក្នុងស្រុកបរិបូរណ៍ និងស្រុកទឹកផុស អំពីករណីថាមានសត្វគោ ក្របីរបស់ពួកគាត់ បានចេញរោគសញ្ញាចំឡែកដោយមានដុំពកនៅលើស្បែក មន្ត្រីបានចុះទៅពិនិត្យហើយធ្វើការព្យាបាលជូនប្រជាពលរដ្ឋ ឲ្យរួចផុតពីជំងឺឆ្លង ដល់សត្វគោក្របី ដែលជាកម្លាំងអូសទាញដ៍សំខាន់មួយនេះផងដែរ។
លោកឲ្យដឹងទៀតថា មន្ត្រីបសុព្យាបាល បានចុះតាមដានដល់មូលដ្ធានព្រមទាំងធ្វើការផ្សព្វផ្សាយ នៃការទប់ស្កាត់ជំងឺដុំពក ដោយបានពិនិត្យឃើញនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ទៅលើ១៥គ្រួសារ ដែលមានសត្វគោចំនួន ៤៩ក្បាល។ ក្នុងនោះរកឃើញគោដែលមានកើតរោគសញ្ញាដុំពក ចំនួន៣៧ក្បាល។
គិតចាប់តាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានចំនួន១៨៩គ្រួសារ ដែលមានសត្វគោក្របីសរុបចំនួន ១២១៥ក្បាល ក្នុងនោះរកឃើញគោក្របីចំនួន៣៩៣ក្បាល កំពុងព្យាបាលចំនួន២៦៨ក្បាល ហើយព្យាបាលជាសះស្បើយចំនួន ១២៤ក្បាល។
ក្នុងឱកាសចុះចាក់ថ្នាំដល់សត្វគោ ក្របីនេះផងដែរ លោកអនុប្រធានការិយាល័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែទាំ និងតាមដានសុខភាពរបស់គោ ក្របី ហើយធ្វើអនាម័យសំអាតទ្រុង និងដាក់ចំណីអោយបានត្រឹមត្រូវ ទើបអាចជៀសផុតពីរោគសញ្ញាផ្សេងៗ។ ប្រសិនបើកើតមាននូវរោគសញ្ញា នៅលើសត្វគោ ក្របី ដែលមានសភាពប្លែកគួរឲ្យសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ ដើម្បីជួយអន្តរាគមន៍ ជូនបងប្អូនបានទាន់ពេលវេលា។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា កម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បន្តចុះត្រួតពិនិត្យមើលសត្វគោក្របីនៅតាមបណ្ដាស្រុកផ្សេងៗទៀត ខណៈដែលរដូវភ្លៀងកំពុងធ្លាក់ជាបន្តបន្ទាប់៕