(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រីស្សត មកពីក្រុង-ស្រុក នៃខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភគាំទ្រផ្តល់កន្លែងស្នាក់នៅជូនក្រុមការងារ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ របស់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងរីហ្សតទាំងឡាយកន្លងមកនេះ។
ជាមួយគ្នានេះ លោបានបញ្ជាក់ថា នៅថ្ងៃទី១ ខែសីហា វេលាម៉ោង ៩ព្រឹក ខេត្តនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមគ្នានៅទូទាំងខេត្តព្រះសីហនុ ចំនួន៩ទីតាំង នៅតាមក្រុង/ ស្រុកទាំង៥ ការចាក់វ៉ាក់សាំងជូនកុមារមានអាយុ១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ។ លោកស្នើឪពុកម្តាយ ឬអាណាព្យាបាលនាំកូនចៅមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតាមទីកន្លែងដែលបានរៀបចំជូនដោយភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅឬសំបុត្រកំណើតរបស់កុមារ។
លោក គួច ចំរើន ក៏បានរំលឹកប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាលនិងគោលការណ៍របស់សម្ដេចតេជោ ហ៊ុន សែន «៣ ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩៕