(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាស្តីពី «បទពិសោធន៍សិង្ហបុរីក្នុងការជំរុញលទ្ធផលនៃការអនុវត្តថវិកា» ជូនសិក្ខាកាមជាថ្នាក់ដឹកនាំចំនួន ១៥០នាក់ មកពីក្រសួង-ស្ថាប័ននានា។
ពិធីបើកសិក្ខាសាលានេះធ្វើឡើងតាមអនឡាញ ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ។ ពិធីនេះ ក៏មានការចូលរួមពីលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា ព្រមទាំងអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងលោក Benedict Cheong នាយកប្រតិបត្តិមូលនិធិតេម៉ាសេក រួមនឹងថ្នាក់ដឹកនាំរបស់សាលារដ្ឋបាលសាធារណៈ (CSC) ប្រទេសសិង្ហបុរី ព្រមទាំងគ្រូឧទ្ទេស និងសិក្ខាកាម។
ថ្លែងក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធការជំរុញលទ្ធផលនៃការអនុវត្តថវិកា របស់ប្រទេសសិង្ហបុរី និងកម្ពុជា ឆ្លើយតបតម្រូវការនៃការពង្រឹងពង្រីកចំណេះដឹង និងលើកកម្ពស់ការយល់ដឹង ជូនមន្រ្តីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័ន ស្របពេលដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល ៣ បូក២ ក្នុងគោលដៅ «ពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» និង «បញ្ចប់ការរៀបចំខ្លួនឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម» ក្នុងដំណាក់កាលទី៤ នៅពេលខាងមុខ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ក្នុងបរិការណ៍សាកលូបនីយកម្មសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ, ការគំរាមពីការរាតត្បាតនៃជំងឺឆ្លងកាចសាហាវជាសកល រួមនឹងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន, កម្ពុជាត្រូវបន្តរៀបចំខ្លួនថែមទៀត ពិសេសខាងសមត្ថភាពធនធានមនុស្ស ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច, បង្កើនសមត្ថភាពប្រកួតប្រជែង និង រក្សាចីរភាពនៃសមិទ្ធផលសម្រេចបានកន្លងមក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅស្តារសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិនៃការរាតត្បាតជាសកលនៃជំងឺកូវិដ-១៩ តាមរយៈការស្វែងយល់ និង ដកពិសោធន៍ពីឧត្តមានុវត្តអន្តរជាតិ ដោយធ្វើមូលដ្ឋានីយកម្មនូវធាតុចូលចាំបាច់ ទៅក្នុងបរិបទផ្ទាល់របស់ខ្លួនសម្រាប់ការអនុវត្ត តាមទស្សនៈ រៀនផង ធ្វើផង និងដកបទពិសោធន៍ផង ក្នុងភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់។
លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា «ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល សំដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការសម្រាប់រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង លើកកម្ពស់កម្រិតជីវភាពប្រជាជន»។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានលើកផងដែរថា រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ សំដៅប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធថវិកាកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ដោយ ថវិកាកម្មវិធី គឺជាស្នូលដ៏សំខាន់។ ថវិកាកម្មវិធី ជាប្រព័ន្ធគ្រប់គ្រងថវិកាថ្មីផ្អែកលើលទ្ធផលឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ និងបានផ្តល់ព័ត៌មានកាន់តែប្រសើរដល់ថ្នាក់ដឹកនាំ និង មន្រ្ដីជំនាញ ជាមូលដ្ឋានសម្រេចចិត្តក្នុងការវិភាជធនធាន និងការបង្កើតបន្ទាត់គណនេយ្យភាពក្រសួង-ស្ថាប័ន។
ការណ៍នេះ បង្ហាញឱ្យឃើញថា ការកសាង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈការចូលរួមសិក្ខាសាលានៅពេលនេះ នឹងផ្តល់តម្លៃបន្ថែមដ៏មានសារសំខាន់ ដល់សិក្ខាកាមជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ, ពីព្រោះថា គ្រប់ក្រសួង-ស្ថាប័នរបស់កម្ពុជា, ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សុទ្ធតែត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា ដែលជាឧបករណ៍ និង ជាយន្តការគន្លឹះ ក្នុងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕