(ភ្នំពេញ)៖ មូលនិធិរក្សាកុមារបានបរិច្ចាគថេប្លេត Huawei MatePad ចំនួន៤០គ្រឿង ដល់អង្គការក្រៅរដ្ឋាភិបាលចំនួន៤ ដែលធ្វើការជាចម្បងក្នុងវិស័យអប់រំ។ អង្គការទាំងបួននោះរួមមាន អង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) អង្គការគ្រួសារថ្មី និងអង្គការក្តីសង្ឃឹមថ្មីនៃកម្ពុជា។
លោកស្រី ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ ជាអ្នកផ្ដើមគំនិតឲ្យមានការបរិច្ចាគនេះឡើង ក្រោមការយល់ឃើញថា កង្វះឧបករណ៍ថេប្លិតនេះជាឧបសគ្គចម្បងមួយ សម្រាប់សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សក្រីក្រ ដែលកំពុងសិក្សារៀនសូត្រ តាមសាលាអង្គការ ដែលគាត់ត្រូវការរៀនពីចម្ងាយ តែមិនមានលទ្ធភាពទិញឧបករណ៍។
លោកបានថ្លែងថា «ជំងឺកូវីដ-១៩ ធ្វើឱ្យការសិក្សានៅសាលារៀនមានការលំបាក សម្រាប់កុមារទូទៅ ពិសេសនោះកុមារមានជីវភាពខ្វះខាត។ ខ្ញុំសង្ឃឹមថា ការបរិច្ចាគថេប្លេតនាថ្ងៃនេះ នឹងជួយដោះស្រាយបញ្ហាមួយចំនួន ដែលអង្គការទាំងបួនកំពុងជួបប្រទះ ហើយសិស្សានុសិស្សកាន់តែច្រើន អាចបន្តការសិក្សាពីចម្ងាយ ពិសេសសិស្សដែលត្រូវឆ្នាំប្រលង»។
ក្នុងកិច្ចប្រជុំតាមអនឡាញរវាងលោកស្រី ជា សេរី និងតំណាងអង្គការទទួលផល លោកស្រី នួន ភីមាន ជាស្ថាបនិក និងនាយកប្រតិបត្តិអង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី ជា សិរី និងបានចែករំលែកអំពីគុណប្រយោជន៍ នៃថេប្លេតទាំងនេះ ចំពោះសិស្សានុសិស្សដែលកំពុងរៀននៅអង្គការ PIO។
លោកស្រី នួន ភីមាន ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមូលនិធិរក្សាកុមារ និងលោកជំទាវ ដែលបានបរិច្ចាគថេប្លេតដ៏ល្អទាំងនេះមក។ ជាការពិតមានសិស្សជាច្រើនខ្វះខាតឧបករណ៍ សម្រាប់ការសិស្សាពីចម្ងាយ សម្រាប់ថេប្លិតទាំងនេះ យើងនឹងបម្រើជាប្រយោជន៍ ដល់សិស្សច្រើនគ្នា ដោយអោឲ្យអាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២ ដែលជាឆ្នាំប្រឡង»។
លោក ប៊ន សុខ ហេង នាយកប្រតិបត្ដិនៃអង្គការក្ដីសង្ឃឹមថ្មីនៃកម្ពុជា លោក សាមុអេល ចូសេប អេ កេប (Samuel Joseph A. Cappe) នាយកផ្នែកទំនាក់ទំនងនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងលោកស្រី មាច សុខជា មន្រ្តីត្រួតពិនិត្យ និងវាយតម្លៃ នៃអង្គការគ្រួសារថ្មី ដែលមានវត្តមាន ក្នុងការប្រជុំតាមអនឡាញនោះ បានសម្តែងនូវអារម្មណ៍ និងការថ្លែងអំណរគុណដូចគ្នា ព្រមទាំងបានចែករំលែកពីបញ្ហាប្រឈមផ្សេងៗ ដែលអង្គការរបស់ពួកគាត់កំពុងជួបប្រទះ។
លោកស្រី ជា សិរី បានឆ្លើយតបដោយបញ្ជាក់ចេតនាគាំទ្រ និងសហការជាមួយអង្គការទាំងអស់ក្រោមទម្រង់ និងតាមមធ្យោបាយដ៏ទៃទៀតនាពេលអនាគត។
លោកស្រី បានស្នើឱ្យអង្គការទាំងបួនផ្តល់មតិយោបល់ត្រឡប់វិញ អំពីអត្ថប្រយោជន៍នៃថេប្លេត និងលើកទឹកចិត្តឲ្យពួកគាត់រក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយមូលនិធិរក្សាកុមារបន្តទៅទៀត។ ក្នុងនោះលោកស្រី បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់របស់ខ្លួន និងអំពាវនាវអោយសប្បុរសជនចូលរួមបរិច្ចាគ និងធ្វើការរួមគ្នាដើម្បីជ្រោមជ្រែងសិស្សានុសិស្ស និងអង្គការដែលកំពុងជួបការលំបាក។
លោកស្រីបានបង្ហោះសារយ៉ាងនេះថា «អង្គការក្រៅរដ្ឋាភិបាលនីមួយៗមានសិស្សចំនួន ៣០០-៦០០០ នាក់ ដូច្នេះថេប្លិត ចំនួន១០ គ្រឿងសម្រាប់អង្គការនីមួយៗនេះ ប្រៀបដូចជាទឹកមួយតំណក់នៅមហាសមុទ្រអញ្ចឹង ប៉ុន្តែយ៉ាងណាក្តី យើងសង្ឃឹមថាយើងអាចធ្វើបានច្រើនជាងនេះនាពេលអនាគត តាមរយៈការទទួលបានជំនួយពីអ្នកទាំងអស់គ្នា»។
ក្នុងនោះយើងទាំងអស់គ្នាសង្ឃឹមយ៉ាងមុតមាំថា សារចែករំលែករបស់លោកស្រី ជា សិរី នឹងជំរុញឲ្យមានសកម្មភាពចូលរួម និងការបរិច្ចាគពីសប្បុរសជនក្នុង និងក្រៅប្រទេសកាន់តែផុសផុលឡើង ដើម្បីជួយដល់ឧបត្ថម្ភដល់សិស្សានុសិស្សខ្វះខាត និងអង្គការក្នុងវិស័យអប់រំ៕