(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន ១លានដូសបន្ថែមទៀត នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ។
បើតាមលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជានៅចុងសប្តាហ៍នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។
វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងប្រមាណជា ១៨លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ វ៉ាក់សាំងប្រមាណជា ១៧លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងរបស់ចិន គឺស៊ីណូហ្វាម និងស៊ីណូវ៉ាក់។
តាមផែនការនៅត្រឹមខែសីហា ខាងមុខនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ៧លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់៕